ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក


ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលបានរៀបចំឡើងក្រោមប្រធានបទ «រួមគ្នា ដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស»

កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ និង២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការ សហប្រជាជាតិ នាទីក្រុងញូវយ៉ក។

អំឡុងពេលនៃកិច្ចពិភាក្សាទូទៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា ដោយបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់កម្ពុជា ចំពោះសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការពហុភាគី ការលើកកម្ពស់ និងការការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ សន្តិសុខសៃប៊័រ និងភាពធន់នឹងអាកាសធាតុ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏គ្រោងនឹងមានជួបទ្វេភាគីជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ សមភាគីបរទេស និងអង្គការអន្តរជាតិ នាអំឡុងសប្តាហ៍ជាន់ខ្ពស់នេះផងដែរ ដើម្បីពង្រឹងទំនាក់ទំនងការទូត ភាពជាដៃគូទ្វេភាគី និងពហុភាគី និងការរួមចំណែករបស់កម្ពុជាចំពោះ សន្តិភាព និងវិបុលភាពពិភពលោក។

ខណៈដែលអង្គការសហប្រជាជាតិប្រារព្ធខួបលើកទី៨០ របស់ខ្លួន កម្ពុជារួមជាមួយសហគមន៍ អន្តរជាតិក្នុងស្មារតីសាមគ្គីភាព បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តម៉ឺងម៉ាតចំពោះសន្តិភាព ការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន និងការការពារសិទ្ធិមនុស្ស៕