រដ្ឋមន្ត្រីពាណិជ្ជកម្មអញ្ជើញពិនិត្យការដ្ឋានសាងសង់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តប៉ៃលិន


នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញពិនិត្យមើលការដ្ឋានសាងសង់អគាររដ្ឋបាលទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តប៉ៃលិន ដែលមានទីតាំងស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ដំណើរទស្សនកិច្ចនេះ ក៏មានការទទួលបដិសណ្ឋារកិច្ចពីសំណាក់ លោកវីរសេនីយ៍ឯក កែម អនុជ មេបញ្ជាការស្តីទីតំបន់ប្រតិបត្តិការសឹករង ខេត្តប៉ៃលិន នាយទាហាន នាយទាហានរង និងពលទាហានចំនួន ៧៨នាក់។
នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចជាកាល សម្តេចទាំងទ្វេតែងគិតគូយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍមូលដ្ឋាន និងការបង្កើនជីវភាពបងប្អូនកងទ័ពនៅសមរភូមិជួរមុខ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានឧបត្ថម្ភថវិកាចំនួន ២លានរៀល ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង ខេត្តប៉ៃលិន ដើម្បីរួមចំណែកដោះស្រាយការលំបាកផ្សេងៗរបស់អង្គភាព។
សូមបញ្ជាក់ថា គម្រោងសាងសង់អគាររដ្ឋបាល សម្រាប់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តប៉ៃលិន គឺជាអំណោយឧបត្ថម្ភផ្ទាល់របស់ក្រសួងពាណិជ្ជកម្ម ហើយត្រូវបានដំណើរការសាងសង់ចាប់តាំងពីដើមខែមិថុនា ឆ្នាំ២០១៧ ក្នុងគោលបំណងជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់។ បច្ចុប្បន្នសំណង់អគារទាំងមូល ត្រូវបានបញ្ចប់ប្រមាណ ៦០ភាគរយហើយ គឺនៅសល់តែការងារប្រក់ដំបូល បំពាក់ទ្វារ បង្អួច និងលាបពណ៌ ដែលត្រូវការពេលប្រមាណជាង ៣ខែទៀត ដើម្បីបញ្ចប់ និងដាក់ឲ្យប្រើប្រាស់៕