អ្នកនាំពាក្យ CPP ហាក់មិនចាប់អារម្មណ៍ ការប្រដូចរដ្ឋាភិបាលខ្មែរ ទៅនឹងប្រទេសប៉ូឡូញ មុនឆ្នាំ១៩៩០ របស់ សម រង្ស៊ី


ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្ស ប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន្ត មិនបានបញ្ចេញប្រតិកម្ម អ្វីខ្លាំងក្លា ទៅនឹងការរិះគន់របស់ ប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម សម រង្ស៊ី ដែលបានប្រដូចរាជរដ្ឋាភិបាល កម្ពុជាបច្ចុប្បន្ន ទៅនឹងរបបការ ដឹកនាំប្រទេសប៉ូឡូ មុននិងអំឡុងឆ្នាំ ១៩៩០នោះទេ ។
នៅព្រឹកថ្ងៃព្រហស្បិ៍ ទី៧ ខែមេសា ឆ្នាំ២០១៦ លោក សុខ ឥសាន្ត បានឲ្យដឹងថា ឯកឧត្តម សម រង្ស៊ី មិនដែលនិយាយសរសើរ រាជរដ្ឋាភិបាលគណបក្ស ប្រជាជនកម្ពុជាទេ ព្រោះវាជាទម្លាប់ និងផ្នត់គំនិត របស់គាត់ទៅហើយ អីចឹងមិនមែនជារឿងចម្លែកទេ ដែលតែងតែរិះគន់ និងវាយប្រហារ គណបក្សប្រជាជននោះ ។
លោកបានបន្តថា “អីចឹងវាមិនជារឿងចម្លែកទេ ចម្លែកតែ សម រង្ស៊ី សរសើរតើ អារឿងរិះគន់ រឿងបរិហាកេរ្តិ៍ គ្មានរឿងអ្វីដែល ត្រូវចាប់អារម្មណ៍ទេ ប៉ុន្តែបើគាត់សរសើរ ប្រយ័ត្នមែនទែន” ។
អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជាដដែល បានបន្ថែមថា ទង្វើររិះគន់រាជរដ្ឋាភិបាលកម្ពុជានេះ គឺមិនមែនតែ ឯកឧត្តម សម រង្ស៊ីនោះទេ គឺតាំងពីពូជពង្ស របស់គាត់មកម្ល៉េះ ។ ឪពុករបស់គាត់ (សម សារី) បានធ្វើបាបអតីត ព្រះមហាក្សត្រកម្ពុជា សម្តេចព្រះ បរមរតនកោដ្ឋមិនតិចនោះទេ អីចឹងគឺស្លឹកឈើជ្រុះ មិនឆ្ងាញពីគល់ទេ ។
សូមបញ្ជាក់ថា តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គម ប្រធានគណបក្សប្រឆាំង ឯកឧត្តម សម រង្ស៊ី បានរិះគន់រាជរដ្ឋាភិបាលកម្ពុជា ថាភ័យខ្លាចចលនាកម្មករ និងសហជីពកម្ពុជា ផ្តួលរំលំរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា ដូចចលនាកម្មករ និងសហជីពសេរី របស់ប្រទេសប៉ូឡូញ បានផ្ដួលរំលំរបប កុម្មុយនីស្តផ្តាច់ការ នៅប្រទេសប៉ូឡូញ (Pologne/Poland) កាលពីឆ្នាំ១៩៩០ ទើបប្រើអំពើហិង្សា ទៅលើក្រុមចលនាកម្មករ និងសហជីព ៕