ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា កិច្ចការពារឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី គឺជាតួនាទី ភារកិច្ចរបស់រដ្ឋាភិបាលកម្ពុជាដែល មានចែងក្នុងរដ្ឋធម្មនុញ្ញ។ ឯកឧត្តម បានបន្តថា ការបោះបង្គោលខ័ណ្ឌសីមាព្រំដែនជាមួយប្រទេសជិតខាង រួមមានសាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះរាជាណាចក្រថៃ គឺជាការបំពេញ ភារកិច្ច និងកាតព្វកិច្ច ដើម្បីបម្រើបុព្វហេតុ និងផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ក្នុងគោលបំណងកសាងព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការយូរអង្វែង និងប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាតំបន់អភិវឌ្ឈន៍ កែប្រែលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន តែវាមិនមែន ដើម្បីប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជានោះទេ។
ដូច្នេះ ការចោទប្រកាន់ថា ការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងកម្ពុជា ជាពិសេសការដោះស្រាយបញ្ហាព្រំដែនជាមួយឡាវកន្លងទៅថ្មីៗនេះ គឺដើម្បីតែប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា និង រដ្ឋាភិបាលកម្ពុជា គឺជាការមិនត្រឹមត្រូវទាល់តែសោះ។