ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ទទួលជួបនាយកគម្រោង ផ្នែកកសិកម្ម អភិវឌ្ឍជនបទ និងជីវចម្រុះ របស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៏នៅទីក្រុងប៉ារីស


នៅវេលាម៉ោង ១៦:៣០ នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោក Vatche PAPAZIAN និងអ្នកស្រី Alexia HOFMANN នាយកគម្រោង ផ្នែកកសិកម្ម អភិវឌ្ឍជនបទ និងជីវចម្រុះ របស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៏នៅទីក្រុងប៉ារីស។ គោលបំណងនៃ ជំនួបនេះគឺ ដើម្បីពិភាក្សាអំពីគម្រោងអភិវឌ្ឍវិស័យកសិកម្ម ជំហានថ្មី និងស្នើសុំការណែនាំពីក្រសួងដើម្បី ជំរុញឲ្យការ អនុវត្តគម្រោងនេះមានប្រសិទ្ធិភាព និងនិរន្តភាព។
លោក Vatche PAPAZIAN បានសម្តែងនូវសេចក្តីសោមន្សរីករាយ ដែល ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតឲ្យលោក និងសហការីបានចូលជួបពិភាក្សាការងារ។ ឆ្លៀតក្នុងឱកាសនេះ អ្នកស្រី Alexia HOFMANN បានជម្រាបជូនថា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៏ កំពុងរៀបចំគម្រោងអភិវឌ្ឍកសិកម្មថ្មី ដែលផ្តោតលើការវិនិយោគប្រព័ន្ធធារាសាស្រ្ត កាត់បន្ថយផលប៉ះពាល់បរិស្ថាន ពង្រឹងប្រព័ន្ធសុវត្ថិភាពស្បៀងអាហារ បង្កើនតម្លៃបន្ថែមទៅលើផលិតផលកសិកម្ម ការគាំទ្រសហគមន៏និងចងក្រងជាសហភាពសហគមន៏ ការអនុវត្តកសិកម្មតាមកិច្ចសន្យា និងការធ្វើពិពិធកម្មកសិកម្មដែលមានភាពវៃឆ្លាតទៅនឹងស្ថានភាពអាកាសធាតុ។ ហើយ AFD ក៏សង្ឃឹមថាស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងកសិកម្ម នឹងផ្តល់នូវធាតុចូលសំខាន់ៗដែលជាបញ្ហាគន្លឹះដែលវិស័យកសិកម្មកំពុងប្រឈម និងអាចប្រឈមនាពេលខាងមុខ ដើម្បីធានាឲ្យការវិនិយោគនៃគម្រោងទទួលបាននូវលទ្ធផលវិជ្ជមាន។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៏ ដែលបាន និងកំពុងគាំទ្រដល់ការអភិវឌ្ឍន៏វិស័យកសិកម្មនៅកម្ពុជា ទាំងហេដ្ឋារចនាសម្ព័ន្ធផ្នែករឹងនិងទន់។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសបន្តថា ចំនួនកសិករដែលប្រកបរបរកសិកម្ម បានថយចុះជាលំដាប់ដោយនៅក្នុងឆ្នាំ២០១៧ ចំនួនកសិកម្មបានថយមកត្រឹមជាង ៤២ភាគរយ និងនៅក្នុងឆ្នាំ២០៣០ ខាងមុខនឹងថយមកត្រឹម ២៩ភាគរយតែប៉ុណ្ណោះ។ ដោយមើលឃើញពីការវិវឌ្ឍនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន និងកំពុងជំរុញឲ្យមានការពង្រីកការប្រើប្រាស់គ្រឿនយន្តកសិកម្ម និងប្រព័ន្ធធារាសាស្រ្តបែបទំនើបដើរដោយប្រព័ន្ធស្វ័យប្រវត្តិ ដើម្បីកាត់បន្ថយការប្រើប្រាស់កំលាំងពលកម្ម និងផ្តល់ភាពងាយស្រួលដល់កសិករក្នុងការបង្កបង្កើនផល។ ក្រសួងក៏មានគោលនយោបាយជំរុញការអភិវឌ្ឍន៏វិស័យកសិកម្ម ដោយផ្អែកទៅតាមតម្រូវការទីផ្សារ និងការអនុវត្តកិច្ចសន្យាកសិកម្ម ដើម្បីធានាដល់និរន្តភាពនៃការដាំដុះ និងបង្កើនកម្រិតជីវភាពប្រជាកសិករ។ ទន្ទឹមនឹងនេះ ក្រសួងក៏បានយកចិត្តទុកដាក់លើការផ្សព្វផ្សាយការធ្វើពិពិធកម្មកសិកម្ម តាមរយៈការការយល់ដឹងពីលក្ខណៈសេដ្ឋកិច្ចនៃការប្រើប្រាស់ដីកសិកម្មដែលមាន ឲ្យស្របទៅតាមស្ថានភាពធនធានដែលមាន ដើម្បីធានាឲ្យមានតុល្យភាពរវាងកំណើនសេដ្ឋកិច្ច និងចំណូលកសិករ។