រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ស្នើលើកច្បាប់ចិញ្ចឹមត្រីរ៉ស់ និងត្រីឆ្តោរដើម្បីការទប់ស្កាត់ការនាំត្រីចូលមកពីប្រទេសជិតខាង ។ ប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីថ្មីក្រសួងកសិកម្ម បានធ្វើនៅថ្ងៃទី២០ ខែមេសានេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីក្រោមបង្គាប់ នៅក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី២០ ខែមេសានេះ ។
ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មបានថ្លែងថា លោកមានគម្រោងស្នើទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចចិញ្ចឹមត្រីឆ្តោរបាន ដើម្បីទប់ស្កាត់ការនំាចូលត្រីពីប្រទេសជិតខាង និងធ្វើឲ្យសេដ្ឋកិច្ចប្រជាពលរដ្ឋមានភាពល្អប្រសើរជាងមុន ។
សូមជំរាបថា ក្នុងសម័យបច្ចេកវិទ្យាជឿនលឿនបច្ចុប្បន្ន ការចិញ្ចឹមត្រីរ៉ស់ និងត្រីឆ្តោរ ដែលធ្លាប់តែឱ្យចំណីកូនត្រីស៊ីនោះ ត្រូវបានគេកែច្នៃជាអាហារសិប្បនិម្មិតវិញ។ កម្ពុជាក្នុងមួយឆ្នាំៗ បានខាតបង់ប្រាក់ច្រើនលានដុល្លារ ដោយសារតែការនាំចូលត្រីរ៉ស់ និងត្រីឆ្តោរ ពីវៀតណាម ចូលមកតាមច្រករបៀងនៃប្រទេសកម្ពុជា ។