ប្រជាពលរដ្ឋ រួមទាំងបងប្អូនខ្មែរឥស្លាម ក្នុងឃុំរំលេចជិត៤០០នាក់ ទទួលឯកឧត្តម ម៉ៅ ធនិន ជាសមាជិកថ្មីម្នាក់ទៀត ដូចគ្រួសារតែមួយ


(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ បានសូមឲ្យប្រជាពលរដ្ឋក្នុងឃុំរំលេច ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត ទទួលរូបឯកឧត្តមជាសមាជិកថ្មីម្នាក់ទៀត ទោះជាកូន ជាឪពុក ជាបង ឬជាប្អូនក្ដី ឯកឧត្តមនឹងរួមសុខទុក្ខជាមួយគ្នាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ហើយទូរស័ព្ទទាំងពីរប្រព័ន្ធរបស់ឯកឧត្តម នឹងបើករង់ចាំប្រជាពលរដ្ឋ Callចូល ២៤ម៉ោងលើ២៤ម៉ោង ដើម្បីរងចាំដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ឬក្នុងករណីដែលមានភាពអយុត្តិធម៌ណាមួយកើតឡើង។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យម៉ៅលុត នៅបរិវេណព្រះវិហារឥស្លាម ស្ថិតក្នុងភូមិថ្មី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីក្រុមការងារចុះជួយឃុំ អាជ្ញាធរស្រុក និងបងប្អូនសាសនិកខ្មែរឥស្លាមជិត៤០០នាក់។

មានមតិសំណេះសំណាល ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថា នេះជាលើកទី១ហើយដែលបានជួបសំណេះសំណាល ជាមួយបងប្អូនខ្មែរឥស្លាម ក្នុងយន្តការដឹកនាំខេត្ត បានជាង៣ឆ្នាំរបស់ឯកឧត្តម ហើយក៏សូមអភ័យទោសផងដែរ ដែលខកខានជួបពីមុន។ ឯកឧត្តមបានឲ្យដឹងថា «នៅក្នុងសង្គមជាតិយើង នាពេលបច្ចុប្បន្ននេះ មានសុខសន្តិភាព ស្ថិរភាពពេញលេញ គឺដោយមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យវិស័យសាសនានានា រួមទាំងវិស័យសាសនាខ្មែរឥស្លាមផង មានការរីកចម្រើនឥតឈប់ឈរ»។ ហើយសាសនាទាំងអស់ បានកើតមានប្រកបទៅដោយសុខដុមរមនីកម្ម មិនមានការខ្វែងគំនិត ការរំលោភសិទ្ធិសេរីភាពសាសនាណាមួយឡើយ គឺស្ថិតនៅក្រោមដំបូលតែមួយគត់របស់រាជរដ្ឋាភិបាល និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងបានចាប់កំណើតឡើងវិញម្តងទៀត ក្នុងពេលតែមួយ គឺថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

ឯកឧត្តមបានបន្ថែមថា ភាពសុខសាន្តនៅក្នុងសង្គមជាតិ ក៏ដូចក្នុងសង្គមគ្រួសារ គឺផ្តើមចេញពីយើងចេះយោគយល់អធ្យាស្រ័យគ្នា ដូចនេះសូមឲ្យមេភូមិ មេឃុំ ដែលជាឪពុកម្តាយនៅជិតបំផុត ត្រូវផ្តោតការយកចិត្តទុកដាក់ជួយដល់ពួកគាត់ឲ្យអស់ពីសមត្ថភាព។ ជាមួយគ្នានោះ ឯកឧត្តមបានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ត្រូវចូលរួមសហការគ្នាក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច និងគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា។

ជាចុងបញ្ចប់ឯកឧត្តម ម៉ៅ ធនិន បានចែកជូនវត្ថុកំដរដៃ ដល់អ្នកចូលរួមជិត៤០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានសារុងម្នាក់១ និងបានបន្តចុះសំណេះសំណាលសួរសុខទុក្ខមេភូមិ ទាំង១៣ភូមិ ក្នុងឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ផងដែរ៕