ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ទទួលជួប លោកសាស្រ្តាចារ្យមកពីមហាវិទ្យាល័យវិទ្យាសាស្រ្តជីវិតនិងកសិកម្មនៃសកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិច


នៅរសៀល ថ្ងៃច័ន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមករា គ.ស.២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួប លោកសាស្រ្តាចារ្យ W.Ronnie Coffman និង លោកសាស្រ្តាចារ្យ Max. J. Pfeffer មកពីមហាវិទ្យាល័យវិទ្យាសាស្រ្តជីវិតនិងកសិកម្មនៃសកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិច ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការស្រាវ ជ្រាវដំឡូងមី ដែលមានឈ្មោះគម្រោងពូជដំឡូងមីជំនាន់ក្រោយក្នុងគោលបំណងបង្កើនល្បឿននៃការកែលម្អហ្សែនក្នុងការបង្កាត់ពូជដំឡូងមី និងបង្ហាញពីសក្តានុពលដំឡូងមី។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ដល់លោកសាស្រ្តាចារ្យទាំងពីរដែលបំពេញទស្សនកិច្ចនៅកម្ពុជា ជាពិសេសមកកាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា កម្ពុជាមានសក្តានុពលក្នុងការដាំដុះដំណាំកសិកម្ម ក្នុងនោះដំឡូងមី ជាផលិតផលកសិកម្មមួយដែលមានសក្តានុពលក្នុងចំណោមផលិតផលសំខាន់ៗនៅកម្ពុជា ហើយបច្ចុប្បន្នកម្ពុជាបានដាំដុះដំណាំដំឡូងមីលើផ្ទៃដីប្រមាណ ៦៧០ ០០០ ហិកតា អាចមានលទ្ធភាពផលិតបានប្រមាណ ១៤លានតោនក្នុងមួយឆ្នាំ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានទស្សនៈវិស័យក្នុងការជំរុញការដាំដុះផលិតផលកសិកម្មដែលជាតម្រូវការទីផ្សារ ដែលមានលក្ខណៈអំណោយផលក្នុងការដាំដុះ មានភាពធន់ទៅនឹងជំងឺនិងការប្រែប្រួលអាកាសធាតុ មានទិន្នផលខ្ពស់ និងចំណូលខ្ពស់ដល់កសិករ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគាំទ្រទៅលើកិច្ចសហការក្នុងគម្រោងស្រាវជ្រាវពូជដំឡូងមីជំនាន់ក្រោយនេះ និងបានចាត់ឱ្យតំណាងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា តំណាងសកលវិទ្យាល័យភូមិន្ទកសិកម្ម និងអគ្គនាយកដ្ឋានកសិកម្មដើម្បីបន្តពិនិត្យនិងពិភាក្សាបន្ត។
លោកសាស្រ្តាចារ្យ Ronnie Coffman បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានស្វាគមន៍ និងអនុញញ្ញាតឱ្យលោក និងគណៈប្រតិ ភូចូលជួបពិភាក្សាការងារនាពេលនេះ។ លោកសាស្រ្តាចារ្យ បានបញ្ជាក់ថា គម្រោងពូជដំឡូងមីជំនាន់ក្រោយនេះបានចាប់ផ្តើមតាំងពីឆ្នាំ ២០១២ នៅក្នុងទ្វីបអាហ្រ្វិក និងត្រូវបានដឹកនាំដោយកម្មវិធីអន្តរជាតិនៅមហាវិទ្យាល័យវិទ្យាសាស្រ្តជីវិតនិងកសិកម្មនៃសកលវិទ្យាល័យ Cornell ដោយសហការជាមួយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តកសិកម្មត្រូពិច និងវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវជាតិនៃប្រទេសនីហេ្សរីយ៉ា។ នាឱកាសនេះដែរ លោកសាស្រ្តាចារ្យ Max. J. Pfeffer បានជម្រាបជូនថា លោកបានធ្វើការស្រាវជ្រាវនូវប្រភេទពូជដំឡូងមីជំនាន់ថ្មី ដែលមានការធន់ទៅនឹងជំងឺ និងមានផលិតភាពខ្ពស់ ហើយលោកបានធ្វើការដាំសាកល្បងនៅក្នុងទ្វីបអាហ្រ្វិក និងអាមេរិក ដូច្នេះដើម្បីឱ្យការស្រាវជ្រាវនេះកាន់តែមានប្រសិទ្ធភាព លោកមានបំណងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបណ្តាអ្នកស្រាវជ្រាវ ដើម្បីធ្វើការពិសោធន៍សាកល្បង និងដើម្បីស្វែងយល់ពីប្រភេទពូជផ្សេងៗ ព្រមទាំងសិក្សាពីបញ្ហាដែលបានជួបប្រទះលើការដាំដុះដំឡូងមីនៅកម្ពុជា។