ឯកឧត្តម កែវ រតនៈ ជម្រុញឲ្យនិស្សិតទទួលអាហារូបករណ៍សម្តេច ហ៊ុន សែន ផ្នែកអគ្គិសនីទាំង ២០០ នាក់ក្លាយជាអ្នកដឹកនាំតាមរយៈការប្រឹងប្រែងរៀនសូត្រ


ឯកឧត្តម កែវ រតនៈ ជម្រុញឲ្យនិស្សិតទទួលអាហារូបករណ៍សម្តេច ហ៊ុន សែន ផ្នែកអគ្គិសនីទាំង ២០០ នាក់ក្លាយជាអ្នកដឹកនាំតាមរយៈការប្រឹងប្រែងរៀនសូត្រទាំងជំនាញបច្ចេកទេស ហិរញ្ញវត្ថុ ភាសាបរទេស និងគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវ និង សុទិដ្ឋិនិយមក្រោមសន្តិភាពនិងសាមគ្គីភាពជាតិ ។ ការផ្លាស់ប្តូរជាវិជ្ជមានរបស់វិស័យថាមពលនិងវិស័យដ៏ទៃទៀតនាពេលបច្ចុប្បន្នជាការរីកចម្រើនដែលមិនអាចបដិសេធបាន ហើយសូមបន្តចូលរួមថែរក្សាសម្រាប់សង្គមខ្មែរទាំងមូល ។ ឯកឧត្តម កែវ រតនៈ សម្តែងនូវមោទនភាពដែលចាប់ពីឆ្នាំ ២០១៥ ដល់ ២០១៨ មាននិស្សិតចំនួន ៩៤៨ នាក់ ក្នុងនេះនារី ២៣១ នាក់ បានទទួលប្រយោជន៍ពីកម្មវិធីរបស់សម្តេចក្នុងទឹកប្រាក់សរុបជាង ១,២ លានដុល្លារ ។ នេះជាការបណ្តុះបណ្តាលទំពាំងសម្រាប់ទទួលអម្រែកការងារប្រទេសជាតិនៅពេលដ៏ខ្លីខាងមុខ ។ វិទ្យាស្ថានវិទ្យាសាស្រ្តអគ្គិសនី ០៩ មករា ២០១៨ ៕