ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធ្វើអោយប្រសើឡើងផ្លូវជាតិលេខ ៥ (ព្រែកក្តាម – ធ្លាម្អម) – សាងសង់ ៤ឆ្នាំ ចាប់ផ្តើមពីខែកុម្ភ: ២០១៨


នៅថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុន Sumitomo Mitsui Construction Co., Ltd និងWorld Kaihatsu Kogyo Co., ltd Joint Venture និងតំណាងក្រុមហ៊ុន Hanshin Engineering and Construction Co., Ltd។

គម្រោងផ្លូវនេះមានប្រវែង ១៣៥.២៥គម នឹងគ្រោងចំណាយទឹកប្រាក់សាងសង់អស់ប្រមាណ ២៤៦,៣៥លាន ដុល្លារអាមេរិក។ គម្រោងផ្លូវនេះជាប្រភេទផ្លូវ AC ហើយដំណើរការសាងសង់មានរយៈពេល៤ឆ្នាំ ចែកចេញជាបីកំណាត់ កំណាត់ផ្លូវទី១មាន ប្រវែង៤១.៥៤គម កំណាត់ផ្លូវទី២មានប្រវែង៤២.៥០គម និងកំណាត់ផ្លូវទី៣មាន ប្រវែង ៥១.២០ គម ក្រោមការត្រួតពិនិត្យបទដ្ឋានបច្ចេកទេសពីក្រុមហ៊ុន Katahira & Engineers International (KEI) និងគម្រោងឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា(JICA)។

គម្រោងផ្លូវនេះជាចំណែកមួយនៃផ្លូវអាស៊ានហាយវេលេខ១ ដែលតភ្ជាប់ពីប្រទេសមីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម និងជាផ្លូវសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម និងជាពិសេស វាជាសរសៃឈាមដ៏ធំមួយក្នុងការធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែមានការអភិវឌ្ឍថែមទៀត។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការពង្រឹងគុណភាពសាងសង់ និងវិធានការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីធានាបាននូវការប្រើប្រាស់យូរអង្វែង និងបានអំពាវនាវឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិ គោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន និងមិនត្រូវដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលធ្វើឱ្យខាតបង់ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ឡើយ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគម្រោងសាងសង់សំខាន់ៗ មួយចំនួនទៀតដូចជា៖ គម្រោងសាងសង់ផ្លូវជាតិលេខ១១ពីអ្នកលឿងដល់ផ្លូវជាតិលេខ៧ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ពីពីរគន្លងទៅបួនគន្លង ចម្ងាយ៧០គីឡូម៉ែត្រ និងគម្រោងផ្លូវខ្សែក្រវាត់ក្រុងទីបីដែលបានចុះកិច្ចព្រមព្រៀងហើយ និងគម្រោងសាងសង់ស្ពាននៅស្ទឹងត្រង់ឆ្លងទន្លេមេគង្គ។