(ភ្នំពេញ)៖ ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ បានចេញសារព្រមានថា សកម្មភាពនយោបាយឧទ្ទាមប្រឆាំងនឹងច្បាប់ ដែលក្រុមមួយចំនួនកំពុងតែធ្វើនោះ ពុំមានផលល្អអ្វីសម្រាប់ពួកគេទេ ក្រៅតែពីទោសទណ្ឌតែប៉ុណ្ណោះ។
ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់នៅលើទំព័រ Facebook របស់លោកយ៉ាងដូច្នេះថា៖ «មានតែសកម្មភាពនយោបាយស្របច្បាប់តែប៉ុណ្ណោះ ដែលទទួលបានការការពារដោយច្បាប់ សម្រាប់ប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ! សកម្មភាពដឹកនាំ-ចូលរួមក្នុងចលនាខុសច្បាប់ សកម្មភាពមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការ និងសកម្មភាព នានាប្រឆាំងនឹងច្បាប់ សុទ្ធតែជាអំពើល្មើស ដែលត្រូវផ្តន្ទាទោស តាមច្បាប់ព្រហ្មទណ្ឌ !»។
ឯកឧត្តម គឹម សន្តិភាព បានបន្តថា៖ «សកម្មភាពនយោបាយឧទ្ទាម ឬសកម្មភាពនយោបាយគគ្លើនដដែលៗ ប្រឆាំងនឹងច្បាប់ទាំងនោះ ពុំមានផលល្អអ្វីសម្រាប់អ្នកនោះទេ ក្រៅតែពីទោសទណ្ឌសម្រាប់អ្នកតែប៉ុណ្ណោះ!»។