សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវេស្ទើន


នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវេស្ទើនប្រមាណ ៤,១៥៨នាក់ ដែលធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ និស្សិតដែលត្រូវទទួលសញ្ញាបត្រនៅព្រឹកនេះ រួមមានកម្រិត បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវក្តីរីករាយ និងអបអរសាទរ ចំពោះនិស្សិតជ័យលាភីទាំងអស់ ដែល បានបញ្ចប់ការសិក្សាដោយជោគជ័យនាពេលនេះ។សម្តេចតេជោក៏បានថ្លែងនូវការកោតសសើរចំពោះការខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យវេស្ទើនដែលកន្លងមកបានធ្វើការបណ្តុះបណ្តាលនិស្សិតកម្ពុជាបានប្រមាណជាង១ម៉ឺន នាក់ រួចមកហើយ និងបានកំពុងធ្វើការបណ្តុះបណ្តាលនិស្សិតជាង ៥០០០នាក់បន្តែមទៀត ក្នុងនោះ និស្សិតដែលទទួលបានការងារធ្វើមានប្រមាណជាង៣,០០០នាក់ផងដែរ។ សិស្សរៀនកាន់តែពូកែ គឺមានការបង់ប្រាក់កាន់តែតិច នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលចង់បានបំផុត ដើម្បីចូលរួម ចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងគុណភាពសិក្សា ហើយគុណភាពសិក្សាគឺជាបញ្ហាមួយដែលសាកលវិទ្យាល័យនីមួយៗត្រូវតែគិតគូរ ដើម្បីអោយធនធាមនុស្សរបស់យើងកាន់តែមានភាពរឹងមាំថែមទៀតនាពេលខាងមុខ។

នៅពេលដែលសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន តម្រូវការការងាររបស់យើងកាន់មានជាបន្តបន្ទាប់ ដែលទាមទារអោយមានធនធានមនុស្សកាន់តែច្រើន។ បច្ចុប្បន្នកម្ពុជាយើងបានប្រើប្រាស់ធនធានមនុស្សពីខាងក្រៅលើផ្នែកការសាងសង់សំណង់ផ្សេៗ ដោយសារតែយើងនៅខ្វះធនធានក្នុងស្រុក។ ដូច្នេះយើងត្រូវតែពង្រឹងសមត្ថភាពធនធានមនុស្សអោយខ្លាំងក្លាថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កត់សំគាល់ថា ពេលដែលចូលដល់មហាវិទ្យាល័យចំនួននិស្សិតស្រីមានការថយចុះ ដែលកត្តាទាំងនេះហើយគឺទាមទារអោយមានការសិក្សាស្រាវជ្រាវ និងពិភាក្សារវាងក្រសួងអប់រំយុវជន និងកីឡានឹងអាណាព្យាបាលក្នុងការស្វែងរកដំណោះស្រាយ និងដើម្បីជំរុញនិស្សិត ដែលជាស្រ្តីទទួលបានការបណ្តុះបណ្តាលលើវិស័យអប់រំនេះអោយបានច្រើនបន្ថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ជានិច្ចកាលរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះវិស័យអប់រំនៅកម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្សអោយមានសមត្ថភាពដើម្បីធ្វើការអភិវឌ្ឍប្រទេសអោយមានការរីកចម្រើន។ ជាមួយគ្នានោះ រាជរដ្ឋាភិបាល បានខិតខំកសាងសលារៀន ជាច្រើនតាមបណ្តាជនបទនានាហើយយើងក៏បានកំណត់ថា ក្នុងឃុំមួយ យ៉ាងហោចណាស់ក៏ត្រូវមានអនុវិទ្យាល័យ១ ផងដែរដើម្បីធ្វើការបណ្តុះបណ្តាលធនធានមនុស្សយើងអោយកាន់តែមានភាពល្អប្រសើរឡើង។ ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធដ៏ចាំបាច់នានាដូចជា សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ គឺជាផ្នែកមួយយ៉ាងសំខាន់សំរាប់ជំរុញភាពលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា និងធ្វើអោយការរស់នៅរបស់ប្រជាលរដ្ឋកាន់តែមានភាពល្អប្រសើរ។

កម្ពុជាបាននឹងកំពុងដាក់ចេញនូវគោលនយោបាយជាតិ ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលជា គោលនយោបាយមួយក្នុងការជំរុញវិស័យឧស្សាហកម្មនៅកម្ពុជាអោយមានសន្ទុះទៅមុខ ដូចជាវិស័យ ឧស្សាហកម្មកាត់ដែរ ឧស្សាហកម្មកសិកម្ម និងឧស្សាហម្មទេចរណ៍ជាដើម ដែលវិស័យទាំងអស់នេះ នាពេលបច្ចុប្បន្នបាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

ទាក់ទងនឹងបបញ្ហាចរាចរណ៍ នឹងការកាត់តទ្រុងឡានខុសបច្ចេកទេសកាលពីប៉ុន្មានថ្ងៃនេះ គឺមានឡានជាច្រើនរយគ្រឿងត្រូវបានកាត់ទ្រុងចេញ ។ ឡានតទ្រុងខុសបច្ចេកទេសទាំងនេះ គឺមានរាប់ពាន់គ្រឿង។ សម្តេចតេជោ បានកត់សម្គាល់ឃើញថា នៅពេលដែលសម្តេចបានដាក់ចេញនូវបទបញ្ជា គឺឃើញមន្រ្តីបានចាត់វិធានការធ្វើ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍សង្កត់ធ្ងន់ថាជាថ្មីម្តងទៀត តើមន្រ្តីយើងអនុវត្តច្បាប់ ឬអនុវត្តបទបញ្ជា? មន្រ្តី និងអាជ្ញាធម៌ពាក់ព័ន្ឋទាំងអស់ ត្រូវតែពង្រឹងការអនុវត្តន៍ច្បាប់អោយបានល្អជាប្រចាំ មិនមែនធ្វើតែក្នុងពេលនាយករដ្ឋមន្រ្តីចេញបទបញ្ជាទេ។

ក្រោយពីបានបញ្ជប់នូវការថ្លែងសន្ទរថា និងផ្តល់អនុសាសន៍សំខាន់ៗរួចហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី និងបានថតរូបអនុស្សាវរីយ៍ក្នុងបរិយាកាសរីករាយក្រៃលែង៕