កម្ពុជាស្វាគមន៍ធ្វើម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៦នៅឆ្នាំ២០១៧


ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានសម្តែងការស្វាគមន៍ក្នុងការធ្វើម្ចាស់ផ្ទះនៃវេទិកា សេដ្ឋកិច្ចពិភពលោកលើកទី២៦ នៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០១៧ខាងមុខ។
សម្តេចតេ ជោ ហ៊ុន សែនបានថ្លែងបែបនេះ បន្ទាប់ពីបានបញ្ចប់នូវពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន ក្រោមប្រធានបទ ការរៀបចំរបៀបវារៈអាស៊ាន សម្រាប់ប្រជាជនទាំងអស់ និងការរីកចម្រើន។
ក្នុងឳកាសនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក Phillipp Rosler សមាជិកក្រុមប្រឹក្សាភិបាល នៃវេទិកាសេដ្ឋកិច្ចពិភពលោក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
លោក Phillipp Rosler មានប្រសាសន៍សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអញ្ជើញមកចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាពេលនេះ។ លោកមានប្រសាសន៍បន្តថា វត្តមានរបស់សម្តេចនិងធ្វើឲ្យវេទកាដ៏មានសារៈសំខាន់បំផុតនោះ កាន់តែទទួលបានជោគជ័យខ្ពស់ថែមទៀត។
ជាការឆ្លើយតបសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ចាត់ទុកថា វេទិកានេះគឺពិតជាមានសារៈសំខាន់ខ្លាំង ក្នុងការចូលរួមផ្តល់នូវមតិមួយចំនួន របស់បណ្តាមេដឹកនាំពិភពលោក រួមគ្នាដោះស្រាយនូវបញ្ហាប្រឈមជាសកល ដែលយើងកំពុងនិងបានយកចិត្តទុកដាក់ដូចគ្នា។
សម្តេចតេជោ នាយករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់បន្ថែមថា កម្ពុជាសូមស្វាគមន៍ក្នុងការធ្វើម្ចាស់ផ្ទះនៃវេទិកា សេដ្ឋកិច្ចពិភពលោកលើកទី២៦ នៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០១៧ខាងមុខ៕
សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបានអញ្ជើញមកដល់ប្រទេសម៉ាឡេស៊ី ប្រកបដោយសុវត្តិភាព