កំពង់ចាម៖ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ មាតាបិតា-អ្នកអាណាព្យាបាល និងសិស្សានុសិស្សប្រមាណ១២០០នាក់ បានចូលរួមក្នុងពិធីអបអរសាទរការប្រារព្ធខួបទី៦៩ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបទី១៧ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃសៅរ៍ ០៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅសាលាបឋមសិក្សាថ្លុកជ្រៅ ស្ថិតក្នុងស្រុកកងមាស។
នាឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានប្រគល់សម្ភារៈសិក្សាជូនលោកគ្រូ អ្នកគ្រូ ចំនួន ១៥០នាក់ និងសិស្សានុសិស្សចំនួន ៩០០នាក់ ព្រមទាំងអញ្ជើញជាកិត្តិយសក្នុងការសម្ពោធអាគារសិក្សា និងសមិទ្ធផល ផ្សេងៗរបស់សាលារៀនរួមមាន៖ អាគារសិក្សាថ្មី០១ខ្នង ០៥បន្ទប់ បំពាក់គ្រឿងសង្ហារិមគ្រប់បន្ទប់ ការតបណ្ដាញទឹកស្អាត និងជួសជុលអាគារសិក្សាមួយខ្នង មាន០៥បន្ទប់ផងដែរ។