ឆ្នាំ2020 កម្ពុជាត្រូវការកម្លាំងពលកម្មថ្មីប្រមាណ40ម៉ឺននាក់សម្រាប់វិស័យទេសចរណ៍


រាជធានីភ្នំពេញ ៖ ដើម្បីឆ្លើយតបនឹងកំណើនទេសចរណ៍ នៅឆ្នាំ២០២០ខាងមុខនេះ កម្ពុជាត្រូវការកម្លាំងពលកម្មថ្មីប្រមាណ៤០ម៉ឺននាក់បន្ថែមទៀត ខណៈដែលតម្រូវការជាមធ្យមលើវិស័យនេះមានប្រមាណ៨ម៉ឺននាក់ក្នុងមួយ ឆ្នាំៗ ។ ប៉ុន្តែអ្វីដែលកត់សម្គាល់នោះ អ្នកដែលកំពុងបម្រើការងារលើវិស័យទេសចរណ៍មានចំនួនតែ២០%ប៉ុណ្ណោះ នាពេលបច្ចុប្បន្នដែលបានឆ្លងកាត់ការសិក្សាជំនាញទេសចរណ៍។
នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារគណៈកម្មាធិការ ជាតិ អ្នកជំនាញទេសចរណ៍ឆ្នាំ២០១១-ឆមាសទី១ ឆ្នាំ២០១៦ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០១៦ និង២០១៧ នៅសាលសន្និសីទចតុមុខ នាថ្ងៃទី២៥ កក្កដា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា អាស្រ័យដោយកំណើនភ្ញៀវទេសចរក្នុងកម្រិតខ្ពស់ ហើយអ្នកបម្រើការងារលើវិស័យនេះមានកម្រិតទាបទាំងបរិមាណ និងគុណភាព ដូច្នេះក្រសួងទេសចរណ៍ត្រូវដោះស្រាយបញ្ហាប្រឈមខាងលើ ពោលគឺត្រូវជំរុញការបណ្តុះបណ្តាលកម្លាំងពលកម្មថ្មី និងបំពាក់បំប៉នជំនាញបន្ថែមទៀតដល់អ្នកកំពុងបម្រើការងារ ។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ៖ « នាទសវត្សរ៍ចុងក្រោយនេះ ទេសចរណ៍ត្រូវបានសកលលោកចាត់ទុកជាវិស័យដែលមានភាពធន់នឹងវិបត្តិ (Resilient) ។ ជាក់ស្ដែង ទោះបីមានសង្គ្រាមក្នុងប្រទេសមួយចំនួន វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលលោក ការគំរាមកំហែងដោយភេរវកម្ម និងជំងឺរាតត្បាតក្ដី ប៉ុន្តែទេសចរណ៍ពិភពលោកនៅតែមានកំណើនលើសការរំពឹងទុក ដោយនៅឆ្នាំ២០១៣ មានចំនួន១.០៨៨លាននាក់, ឆ្នាំ២០១៤ មានចំនួន១.១៣៤លាននាក់ និងឆ្នាំ២០១៥ មានចំនួន១.១៨៤លាននាក់ ស្ថិតក្នុងកំណើន៤,៤% » ។
តាមការព្យាករឆ្នាំ២០១៦នេះ នឹងមានកំណើន៤% ហើយនៅឆ្នាំ២០២០ និងឆ្នាំ២០៣០ ទេសចរណ៍ពិភពលោកនឹងកើនដល់ ១.៦០០លាននាក់ និង១.៨០០លាននាក់ ។
ឯកឧត្តម ថោង ខុន បានបញ្ជាក់ជាថ្មីថា បើយោងតាមអង្គការទេសចរណ៍ពិភពលោក (UNWTO) ត្រឹមឆ្នាំ២០១៥ វិស័យទេសចរណ៍បានបង្កើតការងារប្រមាណ២៥០លាននាក់ ពោលគឺក្នុងចំណោមការងារចំនួន១១ មានការងារ១ ជាការងារក្នុងវិស័យទេសចរណ៍ និងបង្កើតចំណូលសរុបប្រមាណ៧,៣ទ្រីលានដុល្លារអាមេរិក ស្មើនឹង១០% នៃផលិតផលក្នុងស្រុកសរុប (GDP) ។ ក្នុងពិភពលោក ចំណូលពីវិស័យទេសចរណ៍ស្មើ នឹង៣០% នៃការនាំចេញផ្នែកសេវាកម្ម និង៧%នៃការនាំចេញសរុប ស្ថិតក្នុងលំដាប់លេខ៣ បន្ទាប់ពីការនាំចេញផលិតផលប្រេងឥន្ទនៈ និងផលិតផលគីមី ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអះអាងថា ក្នុងបរិបទអាស៊ាន វិស័យទេសចរណ៍មានការរីកចម្រើនយ៉ាងខ្លាំងផងដែរ ។ ជាក់ស្តែង នៅឆ្នាំ២០១៥កន្លងទៅ ការមកដល់នៃទេសចរអន្តរជាតិក្នុងតំបន់អាស៊ានមានចំនួន១១១លាននាក់ កើនឡើង៧,៣% ។ ទេសចរណ៍ផ្ទៃក្នុងអាស៊ាន (Intra–ASEAN Travelers) មានចំនួន៥១លាននាក់ កើនឡើង៤% ។ ទេសចរណ៍អាស៊ានបានបង្កើតការងារផ្ទាល់ប្រមាណ១២លាននាក់ និងមិនផ្ទាល់ប្រមាណ៣០លាននាក់ និងបានបង្កើតចំណូលជូនជាតិប្រមាណ១២% នៃផលិតផលក្នុងស្រុកសរុប (GDP) ។ ជាចក្ខុវិស័យឆ្នាំ២០២០ អាស៊ាននឹងទទួលបានទេសចរអន្តរជាតិប្រមាណ១២៣លាននាក់ ៕
 

Tourist 26-7-2016 (2)

Tourist 26-7-2016 (1)