អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ «ទណ្ឌិត» គឺជាឋានៈតាមច្បាប់ របស់បុគ្គល «សម រង្ស៊ី»


(ភ្នំពេញ)៖ ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់អំពីមូលហេតុតាមច្បាប់ ដែលនាំឱ្យមានការហៅ លោក សម រង្ស៉ី ជាទណ្ឌិត សម រង្ស៉ី។
ឯកឧត្តម បានអះអាងថា លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ បានរងនូវការសម្រេចសាលក្រមជាស្ថាពររបស់តុលាការ ទើបឋានៈនៃបុគ្គលនោះគេអាចហៅត្រឹមទណ្ឌិត។
នៅលើបណ្តាញសង្គម Facebook ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់ថា «យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ឈ្មោះសំគាល់របស់ចារី (អ្នកប្រព្រឹត្តបទល្មើស) ត្រូវបានប្រែប្រួលទៅតាមដំណាក់កាលនៃនីតិវិធី៖
១-ជនសង្ស័យ ឬជនជាប់សង្ស័យ (ដំណាក់កាលនៃការស៊ើបអង្កេត)
២-ជនត្រូវចោទ (ដំណាក់កាលស៊ើបសួរ)
៣-ជនជាប់ចោទ(ដំណាក់កាលជំនុំជម្រះ)
៤-ពិរុទ្ធជន (ដំណាក់កាលក្រោយប្រកាសសាលក្រម ឬសាលដីកា)
៥-ទណ្ឌិត (ដំណាក់កាលសាលក្រម ឬសាលដីកាចូលជាស្ថាពរ)
ហេតុនេះពាក្យ «ទណ្ឌិត សម រង្ស៊ី» គឺសំគាល់ឋានៈ សម រង្ស៊ី តាមផ្លូវច្បាប់! ព្រោះទណ្ឌិតរូបនេះមានសេចក្តីសម្រេចផ្តន្ទាទោសស្ថាពរ របស់តុលាការ! ហើយដែលបច្ចុប្បន្នទណ្ឌិតរូបនេះ កំពុងព្យាយាមរត់គេចខ្លួន!»។