ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងក្រុមការងារគណបក្សសង្គ្រោះជាតិ បានឯកភាពគ្នាលើ ២ចំណុច ដែលលើកមកជជែកគ្នានៅរសៀលថ្ងៃទី៤ មករា នេះ ទាក់ទងនឹងសេចក្តីព្រាងច្បាប់សហជីព ។
សេចក្តីព្រាងច្បាប់សហជីព គឺជាសេចក្តីព្រាងច្បាប់មួយ ដែលកំពុងស្ថិតក្នុងភាពចម្រូងចម្រាស់ ក្រោយការអនុម័តពីគណរដ្ឋមន្ត្រីរួចមក ។ សេចក្តីព្រាងច្បាប់នេះ នៅមិនទាន់ដាក់ដើម្បីរកការអនុម័ត ពីរដ្ឋសភាទេ ដោយរង់ចាំការជជែកពីក្រុមជំនាញថែមទៀត ។
ក្រោយជំនួបគ្នាប្រមាណជាង ២ម៉ោង នៅវិមានរដ្ឋសភា ឯកឧត្តម សុខ ឥសាន សមាជិកគណៈកម្មការចំពោះកិច្ច នៃគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ភាគីទាំង២ នៅថ្ងៃនេះ បានពិភាក្សាគ្នាលើចំណុច២ នៃសេចក្តីព្រាងច្បាប់សហជីព និងបានឯកភាពគ្នាលើចំណុចទាំង២ គឺត្រង់មាត្រា៣ និងមាត្រា៤ ។ ឯកឧត្តមបញ្ជាក់ថា មាត្រា៣ នៃសេចក្តីព្រាងច្បាប់សហជីព បានចែងពីវិសាលភាពនៃច្បាប់ ដែលសហជីពបានស្នើឲ្យដាក់បញ្ចូលកម្មករសេដ្ឋកិច្ច ក្រៅប្រព័ន្ធនៅក្នុងនោះបន្ថែមទៀត ។
ឯកឧត្តម សុខ ឥសាន ថ្លែងថា មាត្រានេះគេរក្សាទុកដដែល ដោយគេផ្អែកតាមច្បាប់ការងារដែលបានបញ្ជាក់និយមន័យច្បាស់ក្នុងនោះរួចហើយ ។ ចំណែកមាត្រាទី៤ គឹជាមាត្រាដែលចែងអំពីរចនាសម័្ពន្ធសហជីព។ ឯកឧត្តមបញ្ជាក់ថា គេបានឯកភាពគ្នា ក្នុងការបន្ថយការកំណត់ការបង្កើតពីសហព័ន្ធសហជីពពី ៩សហជីព មក ៧សហជីព វិញ និងបន្ថយការកំណត់ការបង្កើតសហភាពសហព័ន្ធសហជីព ពី ៧សហព័ន្ធសហជីព មក ៥សហព័ន្ធសហជីព វិញ ។
គួរបញ្ជាក់ថា ក្រុមសហជីពបានស្នើអោយក្រុម ជំនាញកែប្រែ ២១ចំណុច ក្នុងសេចក្តីព្រាងច្បាប់នោះ ដោយសារតែពួកគេយល់ថា បានរឹតត្បិតដល់ក្រុមសហជីព ។ ឯកឧត្តម សុខ ឥសាន បញ្ជាក់ថា នៅថ្ងៃនេះ គេបានឯកភាពគ្នាលើ ២ចំណុចហើយ ហើយបញ្ហានៅសល់ គេនឹងបន្តពិភាក្សាគ្នាលើចំណុចសេសសល់ចំនួន ១៩ចំណុច ថែមទៀត ។