អតីតស្ត្រីមេទ័ពសម័យរដ្ឋកម្ពុជាម្នាក់ កំពុងជួបជីវភាពខ្វះខាត ត្រូវបានសម្ដេច សាយ ឈុំ និងសម្ដេចតេជោទិញដីសង់ផ្ទះជូន


Former Army 07 09 16 2

(ភ្នំពេញ)៖ អ្នកស្រី ស៊ឹម នីន អតីតជាស្ត្រីមេទ័ពដ៏ក្លាហានធ្លាប់ដឹកនាំកូនទាហានចេញប្រយុទ្ធ នៅលើសមរភូមិរាប់មិនអស់ តាំងពីសម័យតស៊ូវាយរំដោះប្រទេសពីរបបខ្មែរក្រហម រហូតដល់សម័យសង្គ្រាមស៊ីវិល ហើយក្រោយមកអ្នកស្រីត្រូវបានរំសាយចេញពីកងទ័ពនាសម័យអ៊ុនតាក់ បច្ចុប្បន្នអ្នកស្រីកំពុងជួបបញ្ហាជីវភាពខ្វះខាតនោះ ឥឡូវត្រូវបានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានិងសម្ដេចតេជោហ៊ុន សែន ក្នុងនាមប្រធានសមាគមអតីតយុទ្ធជនកម្ពុជា យកចិត្តទុកដាក់ជួយឧបត្ថម្ភអោយមានជីវភាពល្អប្រសើរឡើងវិញបន្ទាប់ ពីសម្ដេចទាំងពីរទទួលបានព័ត៌មានពីការខ្វះខាតខាងជីវភាពរបស់ អតីតយុទ្ធជននេះរួចមក។

នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញនេះ ក្រោយពីទទួលបានព័ត៌មានស្ដីពីអតីតយុទ្ធជនម្នាក់ជាស្ត្រី បច្ចុប្បន្នកំពុងរស់នៅក្នុងជីវភាពខ្វះខាតរួចមក សម្ដេចវិបុលសេនាភក្ដី ប្រធានព្រឹទ្ធសភាបានអញ្ជើញចុះទៅសាកសួរសុខទុក្ខដោយផ្ទាល់ដល់កន្លែងស្នាក់នៅ របស់អ្នកស្ត្រី ដែលមានទីតាំងនៅភូមិសាមគ្គីទី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ស្ថិតក្នុងវ័យ ៦០ ឆ្នាំ អ្នកស្រី ស៊ឹម នីន បានរៀបរាប់អោយដឹងថា អ្នកស្រី បានចូលបម្រើកងទ័ព តាំងពីឆ្នាំ ១៩៧៧ នាសម័យខ្មែរក្រហមគ្រប់គ្រងប្រទេស ហើយអ្នកស្រីធ្លាប់បានទៅហ្វឹកហាត់កងទ័ពនៅជំរុំឡុងយ៉ាវ ប្រទេសវៀតណាមនៅក្នុងក្រុមចលនាតស៊ូវាយផ្ដួលរំលំរបបខ្មែរក្រហមទៀតផង។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ អ្នកស្រីបានចូលមកបម្រើការងារ និងចូលរួមប្រយុទ្ធនៅតាមសមរភូមិជាច្រើនកន្លែងនៅក្នុងខេត្តកំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង និងសមរភូមិជាច្រើនទៀត។ ក្រោយមកអ្នកស្រី ត្រូវបានថ្នាក់លើប្រគល់ភារកិច្ចអោយមកទទួលខុសត្រូវ ជាអនុប្រធានអង្គភាពនារីកាត់ដេរកងទ័ពវិញ។ ហើយបន្ទាប់មកទៀត អ្នកស្រី ក៏ត្រូវបានកាត់ចេញ ពីក្របខណ្ឌកងទ័ព មកជាប្រជាជនធម្មតាវិញនាសម័យបង្រួបបង្រួមជាតិ ក្រោមវត្តមានអ៊ុនតាក់ ហើយចាប់ពីពេលនោះមក អ្នកស្រីបានរស់នៅក្នុងជីវភាពទីទ័លក្រ នៅតំបន់ជនបទជាយក្រុងក្នុងខណ្ឌពោធិ៍សែនជ័យ រហូតមកដល់សព្វថ្ងៃនេះ។

ខណៈជួបសំណេះសំណាលសាកសួរសុខទុក្ខនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្រេចផ្តល់ថវិកាចំនួន ៤,០០០ដុល្លារ សម្រាប់ទិញដីមួយកន្លែងនៅក្នុងសង្កាត់ត្រពាំងក្រសាំងនេះជូនអ្នកស្រី ហើយជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក៏បានឧបត្ថម្ភថវិកាចំនួន ៤,០០០ ដុល្លារទៀត សម្រាប់សាងសង់ផ្ទះជូនអ្នកស្រី ស៊ឹម នីន សម្រាប់រស់នៅជាកម្មសិទ្ធិអោយបានសមរម្យឡើងវិញផងដែរ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ដោយមើលឃើញពីជីវភាពខ្វះខាតរបស់អតីតយុទ្ធជនដែលជាស្ត្រីវ័យចំណាស់ខាងលើដែលមាន មុខរបរដើររើសអេតចាយ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ក៏បានពាំនាំយកអំណោយទៅប្រគល់ជូនអ្នកស្ត្រី ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ហើយអង្គភាពព័ត៌មាន Fresh News ក៏បានជួយផ្សព្វផ្សាយស្ដីពីទុក្ខលំបាករបស់ស្ត្រីអតីតមេទ័ពខាងលើនេះ ហើយក៏មានសប្បុរសជនមួយចំនួនបានដឹង និងជួយឧបត្ថម្ភជាបន្តបន្ទាប់ និងពេលនេះ ក៏ត្រូវបានការយកចិត្តទុកដាក់ជួយឧបត្ថម្ភពីសម្ដេចថ្នាក់ដឹកនាំទាំងពីរបន្ថែមទៀតផងដែរ៕

Former Army 07 09 16 3

Former Army 07 09 16 4