ប្រមុខរាជរដ្ឋាភិបាលអំពាវនាវឱ្យទប់ស្កាត់ជំងឺឆ្លង Zika


ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦–សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជាបានអំពាវនាវឱ្យប្រជាពលរដ្ឋ ផ្នែកសុខាភិបាល និងផ្នែកពាក់ព័ន្ធ នានាយក ចិត្តទុកដាក់បង្ការនិងទប់ស្កាត់ជំងឺឆ្លង Zika ដែលបានរាតត្បាតមកដល់ប្រទេសជិត ខាងកម្ពុជាហើយនោះ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដែលចំណាយអស់ ថវិកាចំនួន៣៥លានដុល្លារអាម៉េរិកនោះ សម្ដេចតេជោមានប្រាសាសន៍ថា ជំងឺឆ្លងកាចសាហាវ បានឆ្លងរាលដាលតាំងពីទ្វីបអាមេរិកឡាទីន រហូតមកដល់ក្បែរខាងយើងហើយ គឺជំងឺឆ្លង Zika ដែលជំងឺនេះមិនទាន់ចូលដល់កម្ពុជាទេ ប៉ុន្តែបានមកដល់កៀកៗ នឹងកម្ពុជាដូចជានៅប្រទេសថៃ បានរកឃើញនូវជំងឺនេះ ខ្លះហើយៗនៅប្រទេសសិង្ហបុរីមានជំងឺនេះច្រើនណាស់ ដូច្នេះខ្ញុំសូមស្នើ ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅ លើការថែទាំសុខភាព និងការរក្សាធ្វើយ៉ាងណាកុំ ឱ្យមានជំងឺនេះឆ្លង ចូលមកក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។
ដូច្នេះការត្រួតពិនិត្យទាំងឡាយដែលរៀបចំឡើងដោយក្រសួង សុខាភិបាល រួមជាមួយនឹងការខិតខំ ប្រឹងប្រែងរបស់ប្រជាពលរដ្ឋ ការពារ អនាម័យ និងថែទាំ នៅក្នុងរយៈពេលនៃការធ្វើដំណើរឆ្លងកាត់ ពីប្រទេសមួយទៅកាន់ប្រទេសមួយ ក៏ជាផ្នែកនៃការរក្សាសុខុមាលភាពរបស់ប្រជាជនយើងផងដែរ។
សម្ដេចតេជោមានប្រសាសន៍ថា នៅក្នុងជំនួយដទៃទៀតក៏ដូចគ្នាដែរមុនពេលដែល វិស័យឯកជនរបស់ ជប៉ុន ចូលមកវិនិយោគ គឺរដ្ឋាភិបាលនិងប្រជាជនជប៉ុន បានផ្ដល់ជំនួយឥតសំណងយ៉ាងច្រើន មកកាន់ប្រទេសកម្ពុជា។
ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការវិនិយោគពីជប៉ុនមកកាន់កម្ពុជាកាន់តែច្រើនឡើងៗ ហើយដែលនៅក្នុងនោះបាននាំមកនូវបច្ចេកវិទ្យាជាន់ខ្ពស់ ដែលវិនិយោគនៅតាមតំបន់សេដ្ឋកិច្ច ពិសេសនៅទីក្រុងភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេសនៅឯខេត្តកោះកុង និងតំបន់ផ្សេងទៀត ហើយសង្ឃឹមថាទំនាក់ទំនងនេះវាសមស្របជាមួយនិងដៃគូយុទ្ធសាស្ត្រ ហើយវាក៏សមស្របជាមួយ និងក្របខ័ណ្ឌនៃការចូលរួមរបស់ជប៉ុនក្នុងការធ្វើសមាហរណកម្មអាស៊ាន កាត់បន្ថយគម្លាត រវាងប្រទេសជាសមាជិកថ្មីដែលមានការអភិឌ្ឍទាប ជាមួយនិងសមាជិកចាស់ ដែលពេលនេះ បានឈានដល់ដំណាក់កាលទី៣របស់ខ្លួនហើយ។
តាមរយៈកម្មវិធីនៃជំនួយរបស់ជប៉ុន ដែលហៅថា ជប៉ុន-មេគង្គ គឺជាគំនិតផ្ដួចផ្ដើមដ៏ល្អមួយដើម្បី ជួយដោះស្រាយបញ្ហាកាត់បន្ថយគម្លាតនោះ ដែលក្នុងនោះប្រទេសភាគច្រើននៅតាមដងទន្លេមេគង្គ គឺជាប្រទេសដែលមានការអភិវឌ្ឍទាប ជាងសមាជិកអាស៊ានមុន ដូច្នេះការចាប់យកនូវគម្រោងនានា ដែលជប៉ុនបានធ្វើជាមួយនឹងកម្ពុជាបូកជាមួយការតភ្ជាប់ផ្លូវជាតិលេខ១ ស្ពានអ្នកលឿង និងកំពុងតែតភ្ជាប់ផ្លូវជាតិលេខ៥ពីព្រែកក្ដាមទៅកាន់ព្រំដែនកម្ពុជាថៃ គឺជាផ្នែកដ៏សំខាន់ ការដឹកជញ្ជូន ការតភ្ជាប់ ក្នុងច្រករបៀងភាគខាងត្បូង នៃអនុតំបន់មេគង្គ ឬក៏ក្នុងតំបន់អាស៊ានរបស់យើង សង្ឃឹមថានឹងមានការចូលរួមបន្ថែមទៀតតាមរយៈជំនួយនោះ។
នៅពេលខាងមុខនេះ និងមានសុំការយោគយល់ពី សំណាក់ប្រជាពលរដ្ឋដែលតាមរយៈនោះ គឺស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារ នឹងត្រូវបិទមួយរយៈដើម្បីនិងធ្វើការជួសជុល ព្រោះស្ពាននេះវាទ្រុឌទ្រោម។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលជានិច្ច ជាកាលបានផ្ដល់នូវជំនួយឧបត្ថម្ភសម្រាប់ការអភិវឌ្ឍកម្ពុជា និងអរគុណក្រុមហ៊ុនជប៉ុន ដែលបានវិនិយោគ មន្ទីរពេទ្យនេះ ហើយសម្ដេចក៏បានសង្ឃឹមផងដែរថា ការវិនិយោគបែបនេះនឹងមានជាបន្ត។
“មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ Sunrise Japan Hospital” ដែលស្ថិតនៅក្នុង ភូមិ២ សង្កាត់ជ្រោយ ចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ មន្ទីរពេទ្យជប៉ុន Sunrise ត្រូវបានបង្កើតឡើងដោយ លោកវេជ្ជបណ្ឌិត Kitahara ដែលបានមើលឃើញនូវតម្រូវការ ចាំបាច់នៃសេវាសុខភាពសាធារណៈ នៅក្នុងប្រទេសកម្ពុជា។
មន្ទីរពេទ្យនេះបានចាប់សាងសង់កាលពីចុងឆ្នាំ២០១៤ អស់ថវិកាចំនួន ៣៥ លានដុល្លារអាម៉េរិក។ មន្ទីរពេទ្យនេះក៏មានគម្រោងពង្រីកបន្ថែមចំនួន ២០លានដុល្លារទៀតនៅឆ្នាំ២០១៩។
មន្ទីរពេទ្យនេះមានសេវាសំខាន់ៗមួយចំនួនដូចជា៖ សេវាផ្នែកសង្គ្រោះបន្ទាន់ ផ្នែកជំងឺដាច់សសៃ ឈាមខួរក្បាល និងផ្នែកវះកាត់ប្រព័ន្ធប្រសាទ ផ្នែកជំងឺទូទៅ និងផ្នែកពិនិត្យសុខភាពទូទៅ៕

21-09-2016