លោក ស សុខា និងលោក យក់ ង៉ុយ ប្រគល់រង្វាន់ម៉ូតូម្នាក់ មួយគ្រឿងដល់សិស្សនិទ្ទេស A ចំនួន២០នាក់ ទូទាំងខេត្តព្រៃវែង


(ព្រៃវែង)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងលោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងចែករង្វាន់ម៉ូតូ ជូនដល់សិស្សជ័យលាភីប្រឡងជាប់និទ្ទេស A ចំនួន២០នាក់ នៅខេត្តព្រៃវែង។

ក្នុងឱកាសនេះដែរលោក ស សុខា បានដាស់តឿនដល់សិស្ស ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា ដែលទើបកន្លងផុតថ្មីៗនេះ ត្រូវតែខិតខំប្រឹងប្រែងកសាងខ្លួនឱ្យបានល្អ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អ សម្រាប់អនាគតរៀងៗខ្លួន និងសម្រាប់ប្រទេសជាតិទាំងមូលផងដែរ។

លោក ស សុខា បានក្រើនរំឭកដល់ប្អូនៗទាំងអស់ មិនត្រូវភ្លេចគុណលោកគ្រូ-អ្នកគ្រូទេ។ លោកថា យ៉ាងហោចណាស់ ត្រូវនាំគ្នាទៅសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ពួកគាត់ ដែលបានបង្រៀន ឱ្យមានចំណេះដឹង និងបានប្រលងជាប់នាពេលនេះ ជាពិសេសគ្រាន់តែនាំយកអំណោយ កំដរដៃបន្តិចបន្តួចទៅជូនគាត់ លើកទឹកចិត្តឱ្យពួកគាត់បានសប្បាយចិត្ត ក៏បាន។

សូមជម្រាបថា ការប្រកាសលទ្ធផលរបស់ក្រសួងអប់រំ បានបញ្ជាក់ថា លទ្ធផលនៃការប្រឡងសញ្ញាបត្របាក់ឌុប ទូទាំងខេត្តបាត់ដំបងឆ្នាំនេះ មានចំនួនអ្នកប្រឡងជាប់សរុបចំនួន៤,៧៦៩ នាក់ ស្មើនឹង៦៥.៩៣ភាគរយ។ ក្នុងនោះមានបេក្ខជនជាប់និទ្ទេស A មានចំនួន២៣នាក់, និទ្ទេស B ចំនួន១៥៦នាក់, និទ្ទេស C ចំនួន៤២១នាក់, និទ្ទេស D ចំនួន១,០៣៥នាក់, និងនិទ្ទេស E ចំនួន ៣,១៣៤នាក់៕