សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅប្រទេសសិង្ហបុរី ដើម្បីចូលរួមប្រជុំកំពូលអាស៊ានលើកទី៣៣ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ ប្រធានបទនៃកិច្ចប្រជុំនេះគឺ «ភាពរឹងមាំ និង នវានុវត្តន៍របស់អាស៊ាន»។
បើតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេស អ្នកដែលទៅជាមួយប្រមុខរដ្ឋាភិបាល រួមមាន ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត។
សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ក្រៅពីកិច្ចប្រជុំអាស៊ាន មេដឹកនាំកម្ពុជា ក៏នឹងមានកិច្ចប្រជុំដាច់ដោយឡែកផ្សេងទៀត ជាមួយមេដឹកនាំតាមបណ្តាប្រទេសមួយចំនួនផងដែរ៕
