ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះបានថ្លែងចំអកដល់ លោក សម រង្ស៉ី មេចលនាសង្រ្គោះជាតិថា ហេតុតែលោក សម រង្ស៉ី មិនបានយល់ដឹងផ្នែកច្បាប់បែបនេះហើយ ទើបបាននាំឱ្យលោក ក្លាយទៅជាទណ្ឌិតបែបនេះ។
ការចំអករបស់មន្រ្តីជំនាញច្បាប់ជាន់ខ្ពស់របស់កម្ពុជាទៅលើ លោក សម រង្ស៉ី ដែលកំពុងក្លាយជាទណ្ឌិតរត់ទៅក្រៅប្រទេស បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានយកជីវិតនយោបាយរបស់ លោក កឹម សុខា ទៅបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់គ្នា។ ដោយនិយាយដូចប្រាកដថា សម្ពាធបរទេសនឹងធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន លើកលែងទោសដល់ លោក កឹម សុខា នោះ លោក សម រង្ស៉ី បានកំណត់ការភ្នាល់ថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនោះ សម្តេចតេជោត្រូវចុះចេញពីតំណែង តែបើសិនមិនមានការដោះលែងទេ លោក សម រង្ស៊ី ស្ម័គ្រចិត្តប្រឈមចំពោះមុខច្បាប់ដោយចូលឲ្យសមត្ថកិច្ចចាប់ខ្លួន ដើម្បីអនុវត្តទោសក្នុងពន្ធនាគារ»។
ភ្លាមៗឆ្លើយតបនឹងការបបួលនេះ នៅព្រលប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដដែលនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈបណ្តាញព័ត៌មាន ដោយសម្រេចភ្នាល់ជាមួយលោក សម រង្ស៊ី តែម្តង។ សម្តេចតេជោបានកំណត់ថា ប្រសិនសម រង្ស៊ី ចាញ់ក្នុងការភ្នាល់លើកនេះ ត្រូវហ៊ានចូលឲ្យចាប់ខ្លួនដើម្បីអនវុត្តទោស បន្ទាប់ពីបញ្ចប់ការភ្នាល់ភ្លាមៗ។
ជាមួយគ្នានេះ តាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅខេត្តតាកែវនា ពេលថ្មីៗនេះ បានបង្ហាញយ៉ាងច្បាស់អំពីគោលការណ៍ និងនីតិវិធីច្បាប់ ក្នុងការដោះលែងអ្នកទោស ដើម្បីបំភ្លឺជូនទណ្ឌិត សម រង្ស៉ី និងក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន។
សម្តេចបាននិយាយដោយពន្យល់តាមផ្លូវច្បាប់យ៉ាងច្បាស់ថា «បើអត់ទាន់ កាត់ទោស គឺអត់ទាន់មានទោសសម្រាប់លើកលែងឲ្យអ្នកឯងទេ។ ហ៊ុន សែន គ្មានសិទ្ធិចុះហត្ថលេខាថ្វាយព្រះមហាក្សត្រឲ្យលើកលែងទោសឲ្យអ្នកណាទាំងអស់នៅពេល ដែលអ្នកណាក៏ដោយស្ថិតក្នុងក្របខណ្ឌជាពិរុទ្ធជន ឬក៏សាលក្រមមិនទាន់ចូលស្ថាពរ។ ឥឡូវអ្នកឯងចាំមើលទៅ ជាពិសេសបងប្អូនអ្នកគាំទ្រអាម្សៀហ្នឹង។ ខ្ញុំសូមផ្ញើសារដ៏ខ្លីមួយថា ចាំ សេះដុះស្នែងបានវាកើត»។
ដោយសង្កត់ធ្ងន់បន្ថែមលើផ្លូវច្បាប់នេះ ឯកឧត្តម គឹម សន្តិភាព បានជឿជាក់ថា លោក សម រង្ស៉ី ខ្វះការយល់ដឹងផ្នែកច្បាប់ ហើយយល់មិនទាន់ច្បាស់នូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន។
ឯកឧត្តមបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមរយៈប្រសាសន៍របស់ សម្តេចតេជោនាយករដ្ឋមន្ត្រីខាងលើនេះ បានបញ្ជាក់ច្បាស់លាស់ណាស់ថា សម្តេចមិនអាចរំលោភបំពានអំណាចតុលាការបានទេ ដរាបណាសំណុំរឿងព្រហ្មទណ្ឌមួយកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការនោះបុព្វសិទ្ធិពិសេសរបស់ នាយករដ្ឋមន្ត្រីដែលផ្តល់ដោយច្បាប់ក្នុងការស្នើលើកលែងទោសក៏មិនអាចអនុវត្តបានទេ។ ជំហរដ៏ច្បាស់លាស់នេះ គឺស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា! ហេតុតែមិនមានការយល់ដឹងផ្នែកច្បាប់បែបនេះហើយ ដែលនាំឱ្យលោក សម រង្ស៊ី ក្លាយជាទណ្ឌិតបែបនេះ !»។
លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ហើយត្រូវតុលាការចោទពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ។
រហូតមកដល់ពេលនេះ សំណុំរឿងរបស់ លោក កឹម សុខា ស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយទេ ដោយមិនទាន់កាត់ទោសឡើយ ទោះបីជាតុលាការបានពន្យារពេល(ឃុំខ្លួនដើម្បីស៊ើបអង្កេត) ចំនួន២លើករួចហើយក្តី។
មាត្រា២៧ នៃច្បាប់រដ្ឋធម្មនុញ្ញ បានចែងថា ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និង លើកលែងទោស។ ជាមួយគ្នានេះ មាត្រា៧៧ នៃច្បាប់ស្ដីពីពន្ធនាគារ ចែងថា «ក្នុងករណីចាំបាច់ ប្រមុខរាជរដ្ឋាភិបាល មានបុព្វសិទ្ធិធ្វើសំណើថ្វាយព្រះមហាក្សត្រសុំលើកលែងទោសឲ្យទណ្ឌិតនៅពេលណាក៏បាន»។
ឯកឧត្តម គឹម សន្តិភាព បានពន្យល់យ៉ាងដូច្នេះថា៖ ពាក្យថា «ទណ្ឌិត» គឺជាជនទាំងឡាយណាដែលមានសេចក្តីសម្រេចផ្តន្ទាទោសស្ថាពរពីតុលាការ៕