តំណាងរដ្ឋមន្ត្រី វង សូត ស្នើឲ្យមន្ត្រីមានភារកិច្ចប្រមូលព័ត៌មានពីស្ថានភាពជីវភាព និងតម្រូវការរបស់អតីតយុទ្ធជន អនុវត្តការងារឲ្យមានប្រសិទ្ធភាព


(ត្បូងឃ្មុំ)៖ ឯកឧត្តម តូច ចាន់នី អគ្គនាយកបច្ចេកទេស និងជាតំណាងរបស់ឯកឧត្តមរដ្ឋមន្ត្រី វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីនីតិវិធីប្រមូលទិន្នន័យពីស្ថានភាពជីវភាព និងតម្រូវការរបស់អតីតយុទ្ធជន និងគ្រួសារ។

នៅក្នុងកម្មវិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ឡេង សុខា អភិបាលរងខេត្តត្បូងឃ្មុំ ឯកឧត្តម គង់ កន្នារិទ្ធ ជំនួយការផ្ទាល់នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអតីតយុទ្ធជននិងជនពិការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទមន្ទីរ ស.អ.យ.ខេត្ត ប្រធាន អនុប្រធានគណៈកម្មការអភិវឌ្ឍន៍សហគមន៍អតីតយុទ្ធជនឃុំ សង្កាត់ និងអតីតយុទ្ធជន សរុបប្រមាណ ១២០នាក់។
គោលបំណងគឺនៅពេលបញ្ចប់សិក្ខាសាលានេះ មន្ត្រីនៅសហគមន៍មានភារកិច្ចសម្របសម្រួល និងប្រមូលព័ត៌មានស្តីពីស្ថានភាពជីវភាព និងតម្រូវការរបស់អតីតយុទ្ធជន និងគ្រួសារ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញបញ្ជីសំណួរ និងសេវាឆ្លើយតបជូនដល់អតីតយុទ្ធជនឲ្យចំគោលដៅ។

ក្នុងឪកាសនោះ ឯកឧត្តម តូច ចាន់នី ក៏បានផ្តាំផ្ញើជូនដល់សិក្ខាកាមទាំងអស់ សូមចូលរួមអនុវត្តការងារប្រមូលទិន្នន័យនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជាធាតុចូលយ៉ាងសំខាន់សម្រាប់រៀបចំគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍នានាដើម្បីជួយដល់ពួកគាត់ និងជាការគោរពដឹងគុណជូនអតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិយើង៕