សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល កម្ពុជា ឡាវ និងវៀតណាមលើកទី ៩


នៅរសៀលថ្ងៃទី ២២ ខែ វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំគណៈប្រតិប្រតិភូមកដល់ខេត្តសៀមរាបដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាមលើកទី ៩ ស្តីពីការអភិវឌ្ឍនៅតំបន់ត្រីកោណ (9th Cambodia-Laos-Vietnam Summit on Development Triangle Area-CLV) និងកិច្ចប្រជុំពាក់ព័ន្ឋ ក្នុងនោះគឺពិនិត្យលើការរីកចម្រើន និងបញ្ហាប្រឈមចំពោះមុខក្នុងការអនុវត្តឯកសារសំខាន់ៗ ដូចជាៈ
១-ផែនការមេដែលបានកែប្រែឡើងវិញ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (ឆ្នាំ២០១០ -២០២០)។
២-លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម កម្ពុជា ឡាវ និង វៀត ណាម លើកទី ១០ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ដែលបានប្រព្រឹត្តទៅកាលពីខែ ធ្នូ ឆ្នាំ២០១៥ នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ។ ៣-ការអនុវត្តលទ្ធ ផលកិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាមលើកទី ៨ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ នៅទីក្រុងវៀងច័ន្ទ ចាប់តាំងពីឆ្នាំ ២០១៤ មក។
កិច្ចប្រជុំកំពូល កម្ពុជា ឡាវ និងវៀតណាមលើកទី៩ បានចាប់ផ្តើមតាំងពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលកិច្ចប្រជុំនោះ មានការចូលរួមពីឧត្តមមន្ត្រី និងគណៈប្រតិភូកម្ពុជា ឡាវ និងវៀតណាម ហើយនៅថ្ងៃទី២២ វិច្ឆិកានេះ មេដឹកនាំនៃប្រទេសទាំង៣ បានអញ្ជើញមកដល់ទីក្រុងសៀមរាបអង្គរហើយ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលផ្លូវការនៅថ្ងៃស្អែកនេះ ។
នៅល្ងាចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងអញ្ជើញចូលរួមពិសាអាហារពេលល្ងាចជាមួយនាយករដ្ឋមន្រ្តីប្រទេសឡាវ ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរអោយកាន់តែរឹងមាំ។
នៅព្រឹកថ្ងៃស្អែកទី២៣ វិច្ឆិកា សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងជួបប្រជុំទ្វេភាគីជាមួយ លោក ថងលុន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ហើយបន្ទាប់មកនៅម៉ោង២:០០ រសៀល សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងជួបប្រជុំទ្វេភាគីជាមួយ លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមផងដែរ។ នៅម៉ោង ២:៣៥ រសៀលថ្ងៃដដែល ប្រមុខមេដឹកនាំនៃប្រទេសទាំង៣ គឺកម្ពុជា ឡាវ និងវៀត ណាម នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល CLV នៅ Apsara Resort –APRCC ដែលក្នុងនោះនឹងមានការថ្លែងសុន្ទរកថា និងពិធីចុះហត្ថលេខាលើគម្រោងសហប្រតិបតិ្តការមួយចំនួន និងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ព្រមទាំងមាការធ្វើសន្និសីទកាសែតរួមគ្នានៃប្រមុខដឹកនាំប្រទេសទាំងបីទៀតផង៕

15178171_1346943562014426_8883538169869002212_n

15181342_1346943658681083_9089997810093929214_n

15109567_1346943582014424_5210490238152810226_n

15181455_1346943528681096_4585760445196734185_n

15193529_1346943572014425_4550548785685503923_n