ការរីកចម្រើននៃសេដ្ឋកិច្ចរបស់កម្ពុជា ដែលបានមកពីកំលាំងចលករសំខាន់ៗចំនួន៤ មានវិស័យចំនួនមួយកំពុងលេចធ្លោជាងគេ គឺវិស័យសំណង់ និងអចលនទ្រព្យ។
ជាមួយនឹងការកើនឡើងនូវកត្តាប្រជាសាស្រ្ត កំនើននៃប្រាក់់ចំណូលរបស់ប្រជាពលរដ្ឋ ដោយសារកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងការដាក់ចេញនូវគោលនយោបាយរបស់រដ្ឋាភិបាលយ៉ាងត្រឹមត្រូវ បានធ្វើឲ្យកម្ពុជាទទួលលំហូរទុនវិនិយោគផ្ទាល់ពីបរទេសរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។
ដោយសារកត្តាដែលបានរៀបរាប់ខាងលើនេះ បានធ្វើឲ្យរាជធានីភ្នំពេញត្រូវបានពង្រីកជាបន្តបន្ទាប់រហូតដល់កើនទំហំ ៦៧៨គីឡូម៉ែត្រការ៉េ ដែលធ្វើឲ្យទីក្រុងដ៏ស្ងប់ស្ងាត់នេះមានមនុស្សរស់នៅប្រមាណ ២លាននាក់ ដោយចំនួននេះមិនរាប់ពីប្រជាជនចេញ ចូលជាប្រចាំប្រមាណ ១លាននាក់ជារៀងរាល់ថ្ងៃនៅឡើយ។
អ្នកអភិវឌ្ឍន៍នៃទិសទាំង៤ របស់រាជធានី តែងលើកពីគុណសម្បត្តិរៀងៗខ្លួននៅតំបន់ដែលខ្លួនបានវិនិយោគ ប៉ុន្តែដើម្បីវិភាគទៅលើបញ្ហាទាំងអស់នេះ និងចង់ដឹងថាតើតំបន់ដែលពួកគេលើកឡើងពិតជាត្រឹមត្រូវឬអត់? យើងត្រូវមើលពីចក្ខុវិស័យរបស់រដ្ឋបាលរាជធានីភ្នំពេញ និងកត្តាហេដ្ឋារចនាសម្ព័ន្ឋ ទីតាំង និង Master Plan របស់តំបន់និមួយៗ។
ការពិតហើយ រាជរដ្ឋាភិបាលបានអនុម័តនូវ Master Plan ជាលើកដំបូងរបស់រាជធានីភ្នំពេញ សម្រាប់រយៈពេល២០ឆ្នាំ គឺចាប់តាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០៣៥ ប៉ុន្តែវាគ្រាន់តែជា Master Plan ដែលមិនទាន់មានការរៀបចំលំអិតទៅលើការប្រើប្រាស់ដីធ្លី ការរៀបចំហេដ្ឋារចនាសម្ព័ន្ឋឲ្យបានលំអិតនៅឡើយទេ។
អគ្គនាយកក្រុមហ៊ុន Pointer Property Co, Ltd លោក ងួន ឆាយលាង បានមានប្រសាសន៍ក្នុងពេលលោកទទួលលក់ខុនដូ Urban Village ដំណាក់កាលទី២បានមានប្រសាសន៍ឲ្យដឹងថា តំបន់ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)ជាតំបន់ដែលមានការរៀបចំបានយ៉ាងល្អ ទាំងហេដ្ឋារចនាសម្ព័ន្ឋលើដី ដោយតំបន់នេះមានផ្លូវធំជាងគេនៅក្នុងរាជធានីភ្នំពេញ ក្រោមដីគឺប្រព័ន្ឋលូត្រូវបានរៀបចំយ៉ាងធំ ដើម្បីរំដោះទឹកចេញពីតំបន់នេះ ហើយវាជាការបើកឳកាសឲ្យក្រុមហ៊ុនអភិវឌ្ឍន៍នានា អាចរៀបចំគំរោងរបស់ខ្លួនបានល្អប្រសើរ និងស្របតាម Master Plan របស់ ING CITY។
លោកបន្តថា “វាជាតំបន់អភិវឌ្ឍន៍ថ្មី ដែលមានលក្ខណៈអំណោយផលឲ្យក្រុមហ៊ុននានាអាចរៀបចំហេដ្ឋារចនាសម្ព័ន្ឋរបស់ខ្លួនបានល្អ ដោយសារវាជាតំបន់ថ្មី ជាទីក្រុងថ្មីដែលមានលក្ខណៈស៊ីវិល័យ”។ លោកបន្តថា “បច្ចុប្បន្នក្រុមហ៊ុន ING CITY បានធ្វើការយ៉ាងម៉ត់ចត់ នៅក្នុងការសាងសង់សំណង់ផ្សេងៗ ដើម្បីធ្វើឲ្យតំបន់នេះមានការអភិវឌ្ឍដោយមានរបៀបរៀបរយ”។
ជាមួយនឹងសក្តានុពលដែលបាននិងកំពុងបង្ហាញ បុរីធំៗជាច្រើនបានលេចវត្តមាននៅតំបន់នេះ ហើយផ្សារទំនើបធំៗចំនួន២កំពុងសាងសង់ គឺផ្សារទំនើបរបស់ក្រុមហ៊ុនជីព ម៉ុង និងផ្សារទំនើបរបស់បុរីប៉េង ហួតដែលបានបោះទុនវិនិយោគយ៉ាងធំនៅតំបន់នេះ។
ជាមួយគ្នានេះ តំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ក៏កំពុងលេចធ្លោផងដែរ ពិសសក្រុមហ៊ុនបុរីធំៗបាននិងកំពុងពង្រីកការវិនិយោគនៅតំបន់នេះ ខណៈតំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក៏ត្រូវបានរៀបចំ និងស្ថិតក្នុងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋធំៗរបស់រដ្ឋាភិបាល និងវិស័យឯកជនផងដែរ ប៉ុន្តែតើហេដ្ឋារចនាសម្ព័ន្ឋបែបណា ដែលអាចភ្ជាប់ចូលមកកណ្តាលក្រុងជាង មានចម្ងាយកៀកនឹងទីក្រុង ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេ គឺនៅតែស្ថិតក្នុងមន្ទិលនៅឡើយ។
តំបន់់ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ត្រូវបានរៀបចំហេដ្ឋារចនាសម្ព័ន្ឋយ៉ាងល្អប្រសើរ ដែលវាជាទីតាំងស័ក្តិសមជាទីក្រុងថ្មី ព្រោះតំបន់នេះអាចមានសភាពដូចជាផ្លូវ Orkider នៅប្រទេសសឹង្ហបុរី ដែលមានផ្សារទំនើបប្រមាណ៣០ប្រមូលផ្តុំគ្នានៅតំបន់នេះ ពិសេស ដោយសារវាជាតំបន់អភិវឌ្ឍន៍ថ្មី អ្នកវិនិយោគពិតជាមានភាពងាយស្រួលក្នុងការរៀបចំផែនការវិនិយោគ ពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ឋនៅតំបន់នេះ។ នេះបើតាមការលើកឡើងរបស់លោកភី នីដូណានាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Pointer Property Co, Ltd។
លោកបន្តថា “ខ្ញុំគិតថានាពេលអនាគត តំបន់ភាគខាងត្បូងរាជធានីនឹងក្លាយជាទីក្រុងថ្មី ហើយតម្លៃអចលនទ្រព្យនៅតំបន់នេះ នឹងមានតម្លៃខ្ពស់លើសតំបន់បឹងកេងកង១នាពេលអនាគត”។លោកបន្តថា “ភាពប្រទាក់ក្រឡានៃហេដ្ឋារចនាសម្ព័ន្ឋ ការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ពិសេសក្រុមហ៊ុនធំៗកំពុងវិនិយោគផ្សារទំនើបនៅតំបន់នេះ នឹងធ្វើឲ្យតំបន់នេះក្លាយជាមជ្ឈមណ្ឌលជាពាណិជ្ជកម្មថ្មី ជាទីក្រុងថ្មីនាពេលអនាគត”។
ជាមួយគ្នានឹងទស្សនទានខាងលើ វាហាក់មានភាពចៃដន្យមួយ ដែលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងសាលាក្រុងប៉ារីសកំពុងសិក្សា និងរៀបចំសាងសង់ប្រព័ន្ឋលូប្រព្រឹត្តិកម្មទឹកស្អាត ដើម្បីប្រែក្លាយតំបន់នេះជាតំបន់បៃតង ស្របតាមផែនការមេរបស់រដ្ឋបាលរាជធានីភ្នំពេញ។
សាលាក្រុងប៉ារីស សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ កំពុងសិក្សាលើផែនការស្រដៀងគ្នានេះ ពិសេសសិក្សាលើហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីរៀបចំធ្វើយ៉ាងណាឲ្យតំបន់នេះមិនជួបបញ្ហាកកស្ទះចរាចរណ៍នាពេលអនាគត ដោយសារតំបន់ភាគខាត្បូងមានភាពរីកចម្រើនលឿនជាមួយកំនើនប្រជាសាស្រ្ត និងការសាងសង់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញថ្មី ដែលតភ្ជាប់រវាងផ្លួវក្រវ៉ាត់ក្រុងទី៣ និងការតភ្ជាប់មកកាន់តំបន់នេះនាពេលអនាគត។
អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ថា ការរីកចម្រើននៃសេដ្ឋកិច្ចសង្គម និងកំនើនប្រជាសាស្រ្តកើនឡើងនៅទីក្រុងភ្នំពេញ មិនមែនជារឿងគួរឲ្យចម្លែកនោះទេ។ នេះជានិន្នាការសាកលមួយ ដែលបណ្តាប្រទេសកំពុងលេចឡើងនានា ជួបបញ្ហាប្រឈមបែបនេះ។លោកបន្តថា ការរីកចម្រើននៃរាជធានីភ្នំពេញ បានសាយភាយទៅគ្រប់ទិស ប៉ុន្តែទិសណាដែលស័ក្តិសមជាទីក្រុងថ្មី ទិសណាងាយស្រួលរៀបចំហេដ្ឋារចនាសម្ព័ន្ឋ វានឹងក្លាយជាទីក្រុងថ្មី និងធ្វើឲ្យតម្លៃអចលទ្រព្យកើនឡើងខ្ពស់នាពេលអនាគត ជារឿងធម្មតារវាងតម្រូវការនិងការផ្គត់ផ្គង់។
លោកបន្តថា “និន្នាការការរីកចម្រើនឆ្ពោះទិសខាងត្បូង មានភាពសមហេតុផល ដោយសារ ING CITY ជាទីក្រុងរណបធំជាងគេនៅរាជធានីភ្នំពេញ ដែលមានផ្ទៃដីជាង២៣០០ហិកតា និងហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ទៅកាន់ផ្លួវជាតិសំខាន់ៗ មានភាពងាយស្រួល”។ លោកបន្តថា “តការភ្ជាប់ពីតំបន់នេះទៅកាន់ផ្លួវជាតិលេខ១ លេខ២ លេខ៣ និងផ្លូវជាតិលេខ៤ មានភាពរលូន”។
លោកយិន លាងគង់បានបន្តថា ទោះជាយ៉ាងណារោងចក្រ សហគ្រាសនានាបាននិងកំពុងក្លាយជាឧបសគ្គមួយផងដែរ ប្រសិនជាយើងមើលបរិយាកាសរស់នៅតំបន់នេះ ដោយសារការបំពុលផ្សែង ប៉ុន្តែនាពេលអនាគតរោងចក្រ សហគ្រាសនៅតាមតំបន់នេះ នឹងរើចាកចេញទៅតំបន់ជាយក្រុង តាមការណែនាំនិងចង្អុលបង្ហាញរបស់រដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ។
តីតវីរស្ថាបត្យករកម្ពុជា លោកវណ្ណ ម៉ូលីវណ្ណធ្លាប់បានមានប្រសាសន៍ថា រាជធានីភ្នំពេញគួរអភិវឌ្ឍន៍ឆ្ពោះទៅកាន់ភាគខាងតង្បូង ដោយសារហេតុផលសំខាន់ៗមួយចំនួន ទី១ សណ្ឋានដីខ្ពស់ មិនប្រឈមមុខនឹងការលិចទឹកជំនន់ ទី២ ជាតំបន់មានផ្ទៃដីទូលាយងាយស្រួលរៀបចំហេដ្ឋារចនាសម្ព័ន្ឋ និងទី៣ជាចំណុចប្រសព្វនៃផ្លូវជាតិសំខាន់ៗចូលមកកាន់រាជធានីភ្នំពេញ៕