ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជានាយកគម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានបញ្ជាក់ថា ចំនួនសិស្សដែលបោះបង់ការសិក្សា ក្នុងអំឡុងពេល៥ឆ្នាំ ចុងក្រោយ នៅកម្រិតសិក្សាបឋមភូមិ និងទុតិយភូមិ មានប្រហែល ៩០០,០០០នាក់ ហើយយោងតាមវិទ្យាស្ថានជាតិស្ថិតិ ក្នុងចំណោមកម្លាំងពលកម្ម ៨.៥លាននាក់ មានតែ១៣.៨ភាគរយទេ ដែលបានបញ្ចប់ការសិក្សានៅកម្រិតអនុវិទ្យាល័យ។
ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «គោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ» ដែលបានរៀបចំដោយអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ នៅខេត្តសៀមរាប។
ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការថ្លែងថា «យើងមានបញ្ហាដ៏ធំមួយនៅចំពោះមុខ យោងតាមវិទ្យាស្ថានជាតិស្ថិតិ មានតែ១៣.៨ភាគរយ នៃកម្លាំងពលកម្ម ៨.៥លាននាក់ បានបញ្ចប់ការសិក្សានៅកម្រិតអនុវិទ្យាល័យ»។
ឆ្លើយតបទៅនឹងបញ្ហានេះ ឯកឧត្តម ពេជ សោភ័ន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគោលនយោបាយថ្មី ៤ចំណុច ដែលតម្រូវឲ្យវិស័យឧស្សាហកម្ម ស្ថាប័នផ្តល់ការបណ្តុះបណ្តាល និងសិក្ខាកាមគ្រប់គ្នា រួមគ្នាទទួលខុសត្រូវ និងដោះស្រាយ ក្នុងនោះរួមមាន៖
ទី១.ពង្រឹងគុណភាពនៃការបណ្តុះបណ្តាល និងការផ្សារភ្ជាប់ការ បណ្តុះបណ្តាលទៅនឹងតម្រូវការឧស្សាហកម្ម និងសេដ្ឋកិច្ច។
ទី២.ធ្វើឲ្យប្រជាជនកម្ពុជាគ្រប់រូប មានលទ្ធភាពទទួលបានការអភិវឌ្ឍន៍ជំនាញ។ ក្របខ័ណ្ឌគុណវុឌ្ឍជាតិកម្ពុជា នឹងបង្កើតជណ្តើរ ដើម្បីឲ្យការបណ្តុះបណ្តាលទាំងអស់ មានការទទួលស្គាល់នៅពេលដែលក្រុមប្រឹក្សាភិបាលគណៈកម្មាធិការជាតិបណ្តុះបណ្តាល អះអាងថា ការបណ្តុះបណ្តាលស្របតាមស្តង់ដារនិយោជក។
ទី៣.តម្រូវឲ្យអ្នកចូលរួមទាំងអស់ និងអ្នកទទួលផលពីការអភិវឌ្ឍជំនាញចូលរួមធ្វើផែនការ និងការផ្តល់ហិរញ្ញវត្ថុសម្រាប់សិក្ខាកាម។ ឧស្សាហកម្មត្រូវទទួលខុសត្រូវលើកម្មសិក្សា បទពិសោធន៍ការងារ ប៉ុន្តែការទទួលខុសត្រូវជាចម្បង គឺពាក់ព័ន្ធនឹងពន្ធដារ។
ទី៤.កែលម្អការគ្រប់គ្រង និងអភិបាលកិច្ចការអភិវឌ្ឍជំនាញ ដើម្បីធានាថាការបណ្តុះបណ្តាល ឆ្លើយតបនឹងតម្រូវការរបស់និយោជក នាពេលបច្ចុប្បន្ន និងអនាគត។
ដោយឡែក គោលបំណងនៃសិក្ខាសាលាពិគ្រោះយោបល់ស្តីពី គោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ខាងលើនេះ គឺដើម្បីសម្រេចបានចក្ខុវិស័យ ជាពិសេសគឺការអភិវឌ្ឍគ្រប់គ្រង និងលើកកម្ពស់វិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានគុណភាព ឆ្លើយតបតាមតម្រូវការកម្លាំងពលកម្ម សម្រាប់ការងារសមរម្យ និងជំនាញសម្រាប់ឧស្សហកម្ម ដើម្បីឈានទៅរកកំណើនសេដ្ឋកិច្ច និងផលិតភាពខ្ពស់។