ក្រសួងព័ត៌មានបង្កើនសមត្ថភាពអ្នកយកព័ត៌មានទប់ស្កាត់ព័ត៌មានក្លែងក្លាយ


ក្រសួងព័ត៌មានបង្កើនសមត្ថភាពអ្នកយកព័ត៌មានទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ ដើម្បីធានាដល់សន្ដិសុខជាតិ និងសុវត្ថិភាពសង្គម។

ឯកឧត្ដម ខៀវ កាញារិទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានណែនាំឲ្យមន្ដ្រីក្រោមឱវាទ និងអ្នកសាព័ត៌មានត្រូវតាមដានដំណឹង និងស្វែងយល់អំពីប្រភពដំណឹងឲ្យបានច្បាស់លាស់ ដើម្បីចូលរួមទប់ស្កាត់ និងឆ្លើយតបចំពោះព័ត៌មានក្លែងក្លាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ថ្លែងក្នុងពីធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការពង្រឹងសមត្ថភាពមន្រ្ដីព័ត៌មានទាក់ទងនឹងអ្នកសារព័ត៌មានឌីជីថល និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ នៅព្រឹកថ្ងៃទី ០៩ ខែតុលា នៅទីស្ដីការក្រសួងព័ត៌មានឯកឧត្ដមរដ្ឋមន្ដ្រីបានបញ្ជាក់ថា ការបង្កើនសមត្ថភាពមន្រ្តីទប់ស្កាត់ព័ត៌មានក្លែងក្លាយនេះ បានធ្វើឡើងខណៈដែលព័ត៌មានក្លែងក្លាយនៅលើបណ្ដាញសង្គមកំពុងកើតមានឡើងច្រើន ដែលវាបានបង្កហានិភ័យ និងបំពុលដល់សង្គមជាតិ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំផ្ទុយពីការពិត។

ឯកឧត្ដម ផុស សុវណ្ណ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍បានមានប្រសាសន៍ថា ក្រសួងបានបង្កើតក្រុមការងារមួយ ក្នុងការសិក្សា និងតាមដានព័ត៌មានក្លែងក្លាយ ដើម្បីធ្វើការផ្សព្វផ្សាយពន្យល់ទៅដល់សាធារណជន ឲ្យបានយល់អំពីព័ត៌មានពិត ត្រលប់ទៅវិញ។
ជាមួយគ្នានេះ ក្រសួងក៏បានប្រកាសឲ្យមានការប្រឡងប្រគួតប្រជែងធ្វើជាសារព័ត៌មាន និងវិដេអូសម្រាប់ទម្រង់ព័ត៌មានក្លែងក្លាយ ដើម្បីបញ្ជ្រៀបការយល់ដឹងដល់ប្រជាលរដ្ឋទូទៅផងដែរ។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាល ស្ដីពីការពង្រឹងសមត្ថភាពមន្រ្ដីព័ត៌មានទាក់ទងនឹងអ្នកសារព័ត៌មានឌីជីថល និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយនេះមានរយៈពេលមួយថ្ងៃ ដោយ មានការអញ្ចើញចូលរួមពីមន្រ្តីព័ត៌មាន និងអ្នកយកព័ត៌មានមកពីគ្រប់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជន៕