អភិបាលខេត្ត ចុះសិក្សាលទ្ធភាព ដើម្បី រកវិធីសាស្ត្រ ក្នុងការទប់ស្កាត់ កុំឲ្យមានការបាក់ស្រុតច្រាំង បន្តទៀត


ដោយទទួលបានបទពិសោធន៍ កាលពីឆ្នាំកន្លងទៅ វិធានការ នៃការបង្ការទប់ស្កាត់ ការបាក់ស្រុតច្រាំងទន្លេ នាពេលកន្លងមក នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ចាម បានដឹកនាំ ថ្នាក់ដឹកនាំ មន្ត្រីជំនាញ នៃមន្ទីរ អង្គភាព ជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសិក្សា ដើម្បី រកវិធីសាស្ត្រ ក្នុងការទប់ស្កាត់ ធ្វើយ៉ាងណា កុំឲ្យមានការបាក់ស្រុតច្រាំង បន្តទៀត ។

នាឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា និងមន្ត្រីជំនាញ ក៏បានអញ្ជើញចុះទៅសិក្សាស្ថានភាព នៃការបាក់ស្រុតច្រាំង នៅចំណុចទន្លេតូវ ស្ថិតក្នុង ភូមិពង្រលិច ឃុំពង្រ និង ១កន្លែង ទៀត  នៅចំណុចមាត់ទន្លេមេគង្គ  ស្ថិតក្នុងភូមិ ផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ។  ហើយក៏បានបន្តដំណើរ ចុះសិក្សាស្ថានភាពនេះ នៅចំណុចឃុំឬស្សីស្រុក ក្នុងស្រុកស្រីសន្ធរ ក៏ដូចជា នៅចំណុចព្រែកអន្លង់គគីរ ស្ថិតនៅឃុំស្ដៅ និងឃុំព្រែកកុយ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ផងដែរ​ ។

ផ្អែកតាមបទពិសោធន៍ លើតំបន់ដែលបានទទួលរងការបាក់ស្រុតទាំងអស់នេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានស្នើទៅដល់ស្ថាប័នជំនាញ បន្តសិក្សាអំពីទំហំ នៃការបាក់ស្រុត រួមជាមួយនឹងកត្តាផ្សេងៗទៀត នៅតាមតំបន់ទាំងនោះ ឲ្យបានកាន់តែលម្អិតជាងនេះ បន្ថែមទៀត ដើម្បី លើកជាផែនការទប់ស្កាត់ កុំឲ្យបាក់ស្រុតបន្តទៀត ពីព្រោះថា កន្លងមក យើងមានបទពិសោធន៍រួចហើយ ទៅលើវិធានការ នៃការបង្កាទប់ស្កាត់ មិនឲ្យបាក់ស្រុតច្រាំង​ ជាពិសេស បទពិសោធន៍ នៃការទប់ច្រាំងទន្លេ ដោយការប្រើប្រាស់ បាវប្រភេទ  Geotextile Bag ច្រកខ្សាច់ ដើម្បី ទប់ជើងច្រាំង ប្រវែងប្រមាណជា ១.១០០ម៉ែត្រ នៅក្នុងភូមិសាស្ត្រ នៃស្រុកស្ទឹងត្រង់នោះ ។

គួររំលឹកផងដែរថា គ្រោះធម្មជាតិ នៃការបាក់ស្រុតច្រាំងនេះ បានបង្កភាពភ័យក្លាច ដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនានា រួមជាមួយនឹងលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ផងដែរ ។ ជាក់ស្ដែង បើតាមរបាយការណ៍ ស្តីពីគ្រោះមហន្តរាយប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ នៅខេត្តកំពង់ចាម បានកើតឡើងចំនួន ០៤លើក បណ្តាលឲ្យបាក់ច្រាំប្រវែង ២.៤៤៥ម៉ែត្រ និងទទឹង ៨១ម៉ែត្រ និងត្រូវរុះរើផ្ទះចំនួន ១២គ្រួសារ ស្មើនឹង ១២ខ្នងផ្ទះ ផងដែរ។

ដោយឡែក តាមរបាយការណ៍ ប្រចាំខែវិច្ឆិកា របស់គណកម្មការត្រួតពិនិត្យ វាយតម្លៃ ការរៀបចំទីតាំងលំនៅស្ថានថ្មី របស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយការបាក់ស្រុតច្រាំងទន្លេ គឺបានបង្ហាញថា នៅទូទាំងខេត្តកំពង់ចាម មានក្រុង ស្រុក ចំនួន ៦ ប្រឈមនឹងបញ្ហាគ្រោះធម្មជាតិនេះ  ក្នុងនោះ មាន ៖ ក្រុងកំពង់ចាម ស្រុកស្ទឹងត្រង់ ស្រុកកំពង់សៀម ស្រុកកោះសូទិន ស្រុកកងមាស និងស្រុកស្រីសន្ធរ ។ ដោយបានរុះរើរួចរាល់បានចំនួន ១២២ខ្នងផ្ទះ ពុំទាន់បានសាងសង់ថ្មី ២១ខ្នងផ្ទះ ព្រមទាំង ច្រាំងបាក់ស្រុតចូលទន្លេ មានប្រវែង ផងដែរ ។ ជាមួយនោះ ក៏មានលំនៅដ្ឋានដែលប្រឈមនឹងការរុះរើ សរុបចំនួន ៥៤៩ខ្នងផ្ទះ និងសាលាឃុំ ១កន្លែង ផងដែរ ។ ដើម្បី ឆ្លើយតបទៅនឹងបញ្ហាទាំងអស់នេះ  ក្រុមការងារជំនាញ ក៏មានវិធានការផ្សេងៗ ទាក់ទងទៅនឹងការស្នើសុំលើកគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បី រកទីតាំងថ្មី សម្រាប់ប្រជាពលរដ្ឋសាងសង់លំនៅដ្ឋាន ព្រមទាំង ជម្រុញការចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងប្រជាពលរដ្ឋកំពុងប្រឈមការរុះរើលំនៅដ្ឋាន ដើម្បី រកទីតាំងថ្មី ដើម្បី ជៀសផុតពីកន្លែងបាក់ស្រុតច្រាំងផងដែរ ៕