គម្រោងអភិរក្ស និងជួសជុលប្រាសាទ ព្រះពិធូរក្នុងឧទ្យានអង្គរ


ក្រុមគម្រោងអភិរក្សប្រាសាទព្រះពិធូរ KCHF (Korean Cultural Heritage Foundation) របស់សាធារណរដ្ឋកូរ៉េនឹងប្រើប្រាស់ឧបករណ៍ទំនើបមួយចំនួន ដើម្បីវាស់ស្ទង់រចនាសម្ព័ន្ធប្រាសាទក្រោមដីក្នុងដំណើរការអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូរនាពេលខាងមុខ។ មុននឹងឈានដល់ការប្រើប្រាស់ឧបករណ៍ទាំងនេះជាផ្លូវការ KCHF បានបណ្តុះបណ្តាលមន្ត្រីជំនាញចំនួន១០រូប ដែលអាជ្ញាធរជាតិអប្សរាឲ្យចេះប្រើប្រាស់ឧបករណ៍ទាំងនេះ។
លោក Kim Jiseo អ្នកគ្រប់គ្រងគម្រោងបានបញ្ជាក់នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ថា ការប្រើប្រាស់ឧបករណ៍វាស់ស្ទង់រចនាសម្ព័ន្ធប្រាសាទក្រោមដីនេះ គឺដើម្បីសិក្សាអំពីស្រទាប់ដី និងរចនាសម្ព័ន្ធក្រោមដីដែលភ្នែកធម្មតាមិនអាចមើលឃើញ។ “ឧបករណ៍នេះមានភាពសុក្រឹត្យ ហើយវាមិនបង្កបញ្ហាណាមួយដល់រចនាសម្ព័ន្ធរបស់ប្រាសាទ តែវាអាចផ្តល់ទិន្នន័យដល់យើងក្នុងការងារស្រាវជ្រាវចងក្រងឯកសារសម្រាប់ការងារជួសជុល។ បើទិន្នន័យបង្ហាញថា ចំណុចណាមួយមានបញ្ហា យើងនឹងធ្វើកំណាយ តែនឹងធ្វើទៅលើចំណុចនោះប៉ុណ្ណោះ មិនចាំបាច់ធ្វើទូទៅទេ”។
លោក Jiseo បន្ថែមថា ទីនេះជាតំបន់បេតិកភណ្ឌពិភពលោក ការស្រាវជ្រាវ អភិរក្សជួសជុល គឺត្រូវប្រាកដថា បានលើកតម្លៃបេតិកភណ្ឌ និងមិនប៉ះពាល់ដល់ផ្នែកបុរាណវិទ្យា។ ឧបករណ៍ទាំងនេះត្រូវបានអនុញ្ញាតដោយអ្នកជំនាញនៃអាយស៊ីស៊ីអង្គរ ហើយយើងបណ្តុះបណ្តាលឲ្យអ្នកជំនាញខ្មែរអាចប្រើប្រាស់បានដោយខ្លួនឯងថែមទៀត ដើម្បីបន្ថែមជំនាញដល់មន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា។
លោក ស្រ៊ុន តិច បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះបញ្ជាក់ថា សម្ភារៈដែលប្រើប្រាស់នេះអាចជួយការងារច្រើនដល់អ្នកបុរាណវិទ្យាមុននឹងឈាន ដល់ការបើកកំណាយកន្លែងណាមួយ។ លោកបញ្ជាក់ថា ការធ្វើកំណាយពិតជាមានសារៈសំខាន់ សម្រាប់ការងារស្រាវជ្រាវចងក្រងឯកសារផ្នែកបុរាណវិទ្យាមុននឹងចាប់ផ្តើមជួសជុល។ ឧបករណ៍នេះនឹងជួយប្រាប់យើងនូវព័ត៌មានជាច្រើនដែលកប់ក្នុងដី តែបើរចនាសម្ព័ន្ធណាមួយដែលមានបញ្ហា យើងត្រូវតែបើកកំណាយដដែល ដើម្បីពិនិត្យឲ្យច្បាស់លាស់ និងសិក្សាពីមូលហេតុផ្សេងៗដែលនាំឲ្យមានបញ្ហាជាដើម។
សូមបញ្ជាក់ថា ទន្ទឹមនឹងការងារអភិរក្សជួសជុលគម្រោង KCHF ក៏ដូចជាគម្រោងអន្តរជាតិផ្សេងៗទៀតដែរ តែងបណ្តុះបណ្តាលមន្ត្រី ជំនាញខ្មែរជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាព។ តាមរយៈសកម្មភាពនេះ អ្នកជំនាញខ្មែរបានកើនឡើងពីមួយជំនាន់ទៅមួយជំនាន់ រហូតអាចកាន់ការងារស្រាវជ្រាវ អភិរក្សជួសជុល ដោយខ្លួនឯងបានទៀតផង។ កាលពីកិច្ចប្រជុំនៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរកន្លងទៅថ្មីៗនេះ សហប្រធាននៃប្រទេសបារាំង ក៏ដូចជាតំណាងអង្គការយូណេស្កូប្រចាំកម្ពុជាបានកោតសរសើរដល់មន្ត្រីជំនាញវ័យក្មេងជាច្រើនរូបនៃអាជ្ញាធរជាតិអប្សរា ដែលមានសមត្ថភាពគ្រប់គ្រាន់អាចកាន់ការងារបានដោយខ្លួនឯងទៀតផង៕