ឯកឧត្តម សុខ ឥសាន៖ សម រង្ស៊ី ជាមនុស្សចង្រៃ


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានថ្លែងថា ក្រោយមានដំណោះស្រាយ នយោបាយ កាលថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ លោក សម រង្ស៊ី បានធ្វើសកម្មភានយោបាយ ផ្តល់ផលអវិជ្ជមាន ជាបន្ត បន្ទាប់ដល់ប្រទេសកម្ពុជាដែលបញ្ជាក់ថា សម រង្ស៊ី គឺជាមនុស្សចង្រៃគ្រប់ជាតិ។

ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍នៅក្នុងតេលេក្រោម នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ថា “សម រង្ស៊ី ជាមនុស្សចង្រៃ ប្រព្រឹត្តអំពើពុករលួយ នៅក្នុងរាជរដ្ឋាភិបាល អាណត្តិទី១ (១៩៩៣ដល់១៩៩៨) ។ បន្ទាប់ពីបង្កើតបក្សផ្ទាល់ខ្លួន សម រង្ស៊ី ដឹកនាំធ្វើបាតុកម្មប្រឆាំងរហូត  ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ និង ប្រឆាំងលទ្ធផលបោះឆ្នោត មិនឈប់ ធ្វើឲ្យសង្គមជាតិជួបអស្ថេរភាព និងបាត់បង់សណ្តាប់ធ្នាប់ សាធារណៈ ផងដែរ”។

ឯកឧត្តម បន្ដទៀតថា លោក សម រង្ស៊ី មុនការបោះឆ្នោតកាលឆ្នាំ ២០១៣ ដើរជេរលោក កឹម សុខា ប្រធាន គណបក្ស សង្គ្រោះជាតិ (CNRP)  ថាជាមនុស្សគ្រាប់ខ្សាច់ ជាអាយ៉ង ហ៊ុន សែន  តែនៅនាទីចុងក្រោយ បានចងសម្ព័ន្ធភាពជាមួយ  លោក កឹម សុខា បានបង្កើតជាគណបក្សសង្គ្រោះជាតិ សព្វថ្ងៃនេះ និងបានដើរ ញុះញង់ឲ្យកម្មករទាមទារប្រាក់ឈ្នួលខ្ពស់ បង្កជាអំពើហិង្សាច្រើនកន្លែងរហូត។

ឯកឧត្តម បន្ថែមថា លោក កឹម សុខា និងមនុស្សចង្រៃ សម រង្ស៊ី ដឹកនាំចលនាប៉ុនប៉ងធ្វើបដិវត្តន៍ ព័ណ៌ ចង់ផ្តួល រំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើពាក្យស្លោកថា “ដូរមិនដូរៗ ដូរ ហ៊ុន សែន អើយ ចុះចេញទៅ ហ៊ុន សែន អើយ ចុះចេញទៅ ដាក់ជណ្ដើរឲ្យចុះ បើមិនចុះទាញទម្លាក់ឲ្យចុះ” ៕