កម្ពុជាគ្រោងនឹងលើកបញ្ហាមួយចំនួនផ្ដោតលើវិស័យសំខាន់ចំនួន៦ ដាក់ពិភាក្សាក្នុងកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៤


កម្ពុជាគ្រោងលើកបញ្ហាមួយចំនួន ផ្ដោតលើវិស័យសំខាន់ចំនួន៦ ដាក់ពិភាក្សាជាមួយភាគីចិន ក្នុងកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៤ នៅរយៈពេល៦ថ្ងៃទៀត។ បញ្ហារសំខាន់ៗទាំង៦ដែល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គ្រោងនឹងលើកយកទៅពិភាក្សាជាមួយភាគីចិននោះរួមមាន៖

១. ពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពិសេសផ្លូវល្បឿនលឿន ទៅខេត្តព្រះសីហនុ ផ្លូវដែក ផ្លូវទឹកនានា និងផ្លូវអាកាស ធ្វើយ៉ាងណាឲ្យមានការហោះហើរត្រង់ ពីចិនមកកម្ពុជា ដើម្បីនាំទេសចរចិន មកទស្សនាកម្ពុជាកាន់តែច្រើន។ រួមគ្នាជំរុញផែនការ «ផ្លូវមួយខ្សែក្រវ៉ាត់មួយ» ដែលមានសារសំខាន់ សម្រាប់ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន។

២. វិស័យថាមពល លោកឧបនាយករដ្ឋមន្រ្តី នឹងស្នើទៅភាគីចិន ឲ្យបន្តជួយដល់កម្ពុជា ក្នុងការរៀបចំផែនការថាមពលប្រើពន្លឺព្រះអាទិត្យ ដែលមានតម្លៃថោក និងជាថាមពលស្អាត លើកទឹកចិត្តឲ្យសហគ្រាសចិន ចូលរួមកសាង និងពង្រឹងបណ្តាញថាមពលអគ្គិសនី នៅតាមទីជនបទ។

៣. វិស័យកសិកម្ម លោកនឹងស្នើសុំភាគីចិន ឲ្យបន្តជួយដល់កម្ពុជា បង្កើតផែនការអភិវឌ្ឍកសិកម្មបែបទំនើប និងបង្កើនកិច្ចសហប្រតិបត្តិការ ដំណាំងកៅស៊ូធម្មជាតិ អង្ករ ដំឡូងមី បន្លែ ពោត ផ្លែឈើជាដើម ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការ លើការចញ្ចឹមសត្វ និងនេសាទ ដើម្បីបង្កើនកម្រិតបច្ចេកវិទ្យាកសិ-ឧស្សហកម្ម ដើម្បីនាំផលិតផលទាំងនោះ ចេញទៅលក់នៅបរទេស។

៤. លោកនឹងជំរុញពន្លឿនការសាងសង់កំពង់ផែ នៅខេត្តព្រះសីហនុ ដែលជាច្រមុះនៃការនាំចេញ និងនាំចូលទំនិញដ៏សំខាន់ និងលើកទឹកចិត្តដល់សហគ្រាសចិន ដើម្បីជាការជំរុញតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ឲ្យក្លាយជាទីតាំងសំខាន់ៗ សម្រាប់សហគ្រាសចិន ដែលធ្វើការវិនិយោគនៅកម្ពុជា។

៥. វិស័យវប្បធម៌ ស្នើឲ្យមានការលើកទឹកចិត្ត ដល់ការធ្វើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវប្បធម៌ ដើម្បីលើកកម្ពស់ការយល់ដឹង និងការទទួលស្គាល់តម្លៃស្នូល នៃវប្បធម៌បុរាណ និងទំនើបរបស់កម្ពុជា និងចិន។

៦. វិស័យទេសចរណ៍ ក៏នឹងត្រូវបានជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ ឲ្យបានគ្រប់ជ្រុងជ្រោយផងដែរ ធ្វើយ៉ាងណាជំរុញឲ្យមានទេសចរចិនមកទស្សនាកម្ពុជា ឲ្យបាន២លាននាក់ នៅឆ្នាំ២០២០៕