ឯកឧត្តម ម៉ៅ ធនិន និងឯកឧត្តម ទី នរិន្ទ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការសាលាឆាន់១ខ្នងដុល្លារ នៅក្នុងវត្តបព្វតារុក្ខារាម


សាលាឆាន់១ខ្នង ទំហំ៣៣X២១ម៉ែត្រ និងសមិទ្ធផលនានា ដែលមានតម្លៃជិត១០ម៉ឺនដុល្លារ នៅក្នុងវត្តបព្វតារុក្ខារាម ហៅវត្តភ្នំលោក ស្ថិតក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលបានស្ថាបនាសាងសង់រួចជាស្ថាបពរ ដោយកម្លាំងមហាសាមគ្គីរបស់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ ត្រូវបានប្រារព្ធពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកភ្នំក្រវាញ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ។

គួរបញ្ជាក់ថា វត្តបព្វតារុក្ខារាម មានផ្ទៃដីទំហំ ១៤០.០០០ម៉ែត្រការេ ស្មើនឹង ១៤ហិកតា មានចម្ងាយពីទីរួចខេត្ត ៤៧គីឡូម៉ែត្រ និងបានចាប់ផ្តើមសាងសង់ពីឆ្នាំ២០០៦ រហូតមកដល់ស្ថាបនារួចនាពេលនេះ ដោយកម្លាំងមហាសាមគ្គីរបស់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត បច្ច័យជិត៤ម៉ឺនដុល្លារ និងពុទ្ធបរិស័ទជិតឆ្ងាយ បច្ច័យជាង៥ម៉ឺនដុល្លារ សរុបបច្ច័យជាទឹកប្រាក់ជិត១០ម៉ឺនដុល្លារ។ លោកអភិបាលស្រុកបន្តថា វត្តបព្វតារុក្ខារាម មានការប្រែប្រួលទៅមុខជាលំដាប់ ដោយសារបានការជួយឧបត្ថម្ភជាបណ្តើរៗ សម្រាប់បម្រើសេចក្តីត្រូវការរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទបានធ្វើបុណ្យទានសមរម្យ ព្រមទាំងបានពង្រីកផ្លូវលំក្រាលគ្រួសក្រហមចូលវត្ត១ខ្សែ ប្រវែង ៨០០ម៉ែត្រ សាងសង់សាលាឆាន់១ខ្នង ទំហំ៣៣X២១ម៉ែត្រ ខ្លោងទ្វាធ្វើពីបេតុង១ កុដិឈើ២ខ្នង មួយខ្នងទំហំ ៦X៥ម៉ែត្រ អាងទឹក៤ បន្ទប់អនាម័យ១ខ្នង និងអណ្តូងបូមទឹកដោយម៉ូទ័រ១។

នៅក្នុងឱកាសនោះ ក៏មានចែកជូននូវវត្ថុកំដដៃដល់ប្រជាពលរដ្ឋ និងប្រជាការពារ ជិត៧០០នាក់ ក្នុងម្នាក់ថវិកា១ម៉ឺនរៀល យាយជីតាជី៥០នាក់ ក្នុងម្នាក់ៗសម្លៀកបំពាក់១ឈុត និងថវិកា១ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ មកពី៦សាលា ម្នាក់ៗថវិកា ២ម៉ឺនរៀល សិស្សានុសិស្ស ៦៥នាក់ ក្នុងម្នាក់ៗសម្ភារសិក្សា១កញ្ចប់ និងថវិកា៥ពាន់រៀល។ ដោយឡែកឯកឧត្តម ម៉ៅ ធនិន និងឯកឧត្តម ទី នរិទ្ទ ព្រមទាំងសហការី ក៏បានឧបត្ថម្ភតុសិស្ស ២៩០ឈុត និងកៅអីគ្រូបង្រៀន ១៩ឈុត ដល់សាលាចំនួន៦ ក្នុងឃុំសំរោង និងបានឧបត្ថម្ភថវិកាដល់វត្តភ្នំលោក សរុបជាទឹកប្រាក់ ជាង៤១លានរៀល។