ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរិះគន់ចំពោះរបាយការណ៍របស់សមាគម និងស្ថាប័នគាំទ្រអ្នកសារព័ត៌មានមួយចំនួន ដែលសរសេរ និងចេញផ្សាយថា រាជរដ្ឋាភិបាលកម្ពុជា បានរឹតត្បិតសិទ្ធិសេរីភាពអ្នកសារព័ត៌មាន។
ឯកឧត្តម ខៀវ កញារីទ្ធរដ្ឋមន្រ្តី បានចាត់ទុកថា របាយការណ៍នោះ គឺសរសេរតាមការកំណត់របស់អ្នកដែលផ្តល់ថវិកាឱ្យតែប៉ុណ្ណោះ និងគឺមិនមានភាពត្រឹមត្រូវនោះឡើយ ខណៈក្រសួងព័ត៌មាន ទទួលបានព័ត៌មានស៉ីជម្រៅជាង ចំពោះករណីនានា ដែលអ្នកសារព័ត៌មានជួបប្រទះ។
ក្នុងពិធីអបអរសាទរទិវាសេរីភាពអ្នកសារព័ត៌មានសកលលោក លើកទី២៩ ឆ្នាំ២០២២ ធ្វើក្រោមអធិបតីភាព លោក ហ៊ុន ម៉ាណែត សំណាងសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ លោក ខៀវ កញារីទ្ធ បានរិះគន់យ៉ាងដូច្នេះថា៖ «យើងក៏មានការខកចិត្តខ្លះដែរ ទី១ នៅក្នុងរបាយការណ៍របស់សមាគមការពារអ្នកកាសែតមួយចំនួន យើងទទួលស្គាល់ថា មានចំណុចខ្លះល្អ ប៉ុន្តែភាគច្រើនសមាគមដែលគាំទ្រអ្នកកាសែត ភាគច្រើនមិនមែនជាអ្នកាសែត គាត់ចេះតែសរសេររបាយការណ៍ តាមការកំណត់របស់អ្នកឱ្យថវិកា បើអ្នកសរសេររបាការណ៍ជាអ្នកកាសែតគាត់អាចយល់កិច្ចការងារនេះច្រើនជាងនេះឆ្ងាយណាស់ ដូចពាក្យខ្មែរបាននិយាយថា (ទាល់តែរែកទឹកខ្លួនឯងទើបដឹងថាទឹកស្រកមួយដំណក់ៗវាសំខាន់ប៉ុណ្ណា?»។
ឯកឧត្តម ខៀវ កញារីទ្ធបានបន្តថា៖ «នៅក្នុងរបាយការណ៍មួយបាននិយាយថា បិទអាជ្ញាប័ណ្ណព័ត៌មាន យើងអត់បានបិទទេគ្រាន់តែព្យូរសិនទេ ព្រោះរឿងជំរិតទារលុយបន្តគ្នា… អញ្ចឹងអ្នកសរសេររបាយការណ៍គួរយល់នេះឱ្យជ្រៅបន្តិច អញ្ចឹងសូមមេត្តារបាយការណ៍នេះឱ្យស៉ីជម្រៅបន្តិទៅ ព្រោះក្រសួងព័ត៌មានស៉ីជម្រៅជាងលើបញ្ហាហ្នឹង ព្រោះក្រសួងព័ត៌មានស្គាល់អ្នកកាសែតច្រើនជាង អ្នកសរសេររបាយការណ៍»។
ជុំវិញចំណុចនេះ ឯកឧត្តម ខៀវ កញារីទ្ធ ខៀវ កញារីទ្ធ ក៏បានពន្យល់ថា មូលហេតុដែលក្រសួងព័ត៌មាន សម្រេចលុប ឬព្យួរអាជ្ញាបណ្ណព័ត៌មាននោះ លុះត្រាតែស្ថាប័នណាមួយ បានទៅទារថវិកាពីប្រជាពលរដ្ឋ រហូតដល់មានការប្ដឹងមកក្រសួង។
ចំពោះករណីនេះ ឯកឧត្តម ខៀវ កញារីទ្ធរដ្ឋមន្ត្រី បានបញ្ជាក់ថា កន្លងមកមានអ្នកកាសែតចំនួន ៧ស្ថាប័ន បាននាំគ្នាទៅជំរិតទារលុយពីក្រុមហ៊ុនមួយ ហើយក្រសួងបានណែនាំជាច្រើនលើកច្រើនសារមុននឹងឈានទៅដល់ការដក ឬព្យួរអាជ្ញាប័ណ្ណស្ថាប័នរបស់អង្គភាពទាំងនោះ ជាថ្នូរនឹងការប្រព្រឹត្តខុសច្បាប់របស់ពួកគេ។
ឯកឧត្តម ខៀវ កញារីទ្ធ ខៀវ កញារីទ្ធ ក៏បានលើកឡើងទាក់ទងនឹងការហាមឃាត់មិនឱ្យអ្នកសារព័ត៌មានចុះផ្សាយនៅតំបន់មួយដែលត្រូវបានគេរាំងខ្ទប់ លោកចោទសួរវិញថា៖ «តើអ្នកព័ត៌មាននោះ គាត់យល់ច្បាស់ពីច្បាប់ ឬគាត់បំពានច្បាប់? បើកន្លែងហាមឃាត់មួយ គេមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានចុះថតរូប ឬប្រមូលព័ត៌មានហើយ អ្នកសារព័ត៌មានគឺគ្មានសិទ្ធិអំណាចអ្វីចូលកន្លែងនោះទេ […] អ្នកសារព័ត៌មានខ្លះ ត្រូវបានគេហាមឃាត់មិនឱ្យចូលផ្ដិតយកព័ត៌មាន នៅកន្លែងហាមឃាត់នោះ បែរជាមានសេចក្តីរាយការណ៍ថា មានការរិតត្បិតសេរីភាពសារព័ត៌មានទៅវិញ»។
ឯកឧត្តម ខៀវ កញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានបញ្ជាក់ថា សម្រាប់សេរីភាពសារព័ត៌មាន និងបញ្ចេញមតិនៅកម្ពុជា មានភាពប្រសើរឡើងជាប្រទេសដទៃក្នុងតំបន់ដូចជា៖ ថៃ ជាដើម ដែលបានបិទគេហទំព័រព័ត៌មានជាង១សែនទំព័រហើយ តែគ្មានការប្រកាសថា រិតត្បិតសេរីភាពឡើយ។ បន្ថែមពីនេះ អ្នកការសែតកម្ពុជាក៏មានមោទភាព ដែលរាជរដ្ឋាភិបាលបានដាក់ជាក្រុមអាទិភាពទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស្មើនឹងគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ នៅក្នុងចំណោមប្រទេសនៅតំបន់អាស៊ាន និងពិភពលោក៕