ទេសរដ្ឋមន្ដ្រីសិង្ហបុរី៖ សម្តេចតេជោ រៀបចំព្រឹត្តិការណ៍ស៊ីហ្គេមយ៉ាងអស្ចារ្យ


ឯកឧត្តម ធាវ ឈីហាន (Teo Chee Hean) ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីសម្រប​សម្រួល​សន្ដិសុខ​ជាតិ​សិង្ហបុរី បានបង្ហាញការកោតសរសើរ ចំពោះការរៀបចំព្រឹត្តិ​ការណ៍ស៊ីហ្គេមនៅកម្ពុជា។ ឯកឧត្តម ចាត់ទុកការរៀបចំនេះបានល្អប្រសើរ និងអស្ចារ្យ​បំផុត។

ឯកឧត្តម ធាវ ឈីហាន បានថ្លែងកោតសរសើរការរៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនេះ ក្នុងឱកាសអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចតេជោ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានបញ្ជាក់បែបនេះ « ឯកឧត្តម ធាវ ឈីហាន បានគោរពសម្ដែងការអបអរ​សាទរ ចំពោះសម្ដេចតេជោ ដែលបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម បានយ៉ាងអស្ចារ្យ និងជោគជ័យ»

ឯកឧត្តម ធាវ ឈីហាន បានបន្តថា កីឡា ករ កីឡាការិនី បានមកចូលរួមប្រកួតនេះ ទទួលបានការរីករាយ ដោយទទួលបានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ។

ក្នុងជំនួបនេះ ឯកឧត្តម ធាវ ឈីហាន បានសំដែងការអបអរចំពោះសម្ដេចតេជោ​ ចំ ពោះការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានជោគជ័យ និងការដឹកនាំកិច្ចប្រជុំកំពូល​អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធប្រកបដោយជោគជ័យ។

ឯកឧត្តម ធាវ ឈីហាន បានជម្រាបសម្ដេចតេជោ អំពីដំណើរទស្សនកិច្ចរបស់​លោក​មកកាន់កម្ពុជាពេលនេះ គឺដើម្បីជំរុញទំនាក់ទំនងរវាងប្រ ទេសទាំងពីរឱ្យ​ឈាន​ឡើង​មួយកម្រិតទៀត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល​ និងប្រជាជនសិង្ហ​បុរី ​ដែលបានបញ្ជូនកីឡាករកីឡាការិនីមកចូលរួមប្រកួត​កីឡាស៊ីហ្គេម​នៅកម្ពុជា ដែលបានធ្វើឱ្យព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា​កាន់តែមានភាព​ឱឡារិក​ថែមទៀត។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលសិង្ហបុរី ដែលបានគាំទ្រកម្ពុជា ក្នុង ពេលកម្ពុជាដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ពាក់ពន្ធការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យឈាន​ឡើងមួយកម្រិត​ទៀត​នោះ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រតិបត្តិ ដែលមានស្រាប់រវាង​ប្រទេស​ទាំងពីរ ហើយលើកទឹកចិត្តឱ្យភាគីទាំងពីរ ពិនិត្យមើលការជំរុញការអនុវត្ត​លើកិច្ចព្រមព្រៀងអនុស្សាណៈ ដែលបានចុះហត្ថលេខារួចហើយ ជាពិសេសលើ​វិស័យ​ថាមពល និងវិស័យទីផ្សារកំបោនជាមួយគ្នា។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យពិនិត្យលទ្ធភាពលើកិច្ច​សហ​ប្រតិ​បត្តិការក្នុងវិស័យដទៃទៀត ដែលអាចធ្វើទៅបាន៕