នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ទិសដៅសំខាន់បំផុតរបស់រដ្ឋាភិបាលអាណត្តិទី៧ គឺមិនចោលប្រពៃណីបម្រើពលរដ្ឋ និងចាត់ទុកការបម្រើលរដ្ឋជាគោលការណ៍ដ៏សំខាន់


ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា សុខទុក្ខប្រជាពលរដ្ឋ និងកិច្ចការបម្រើប្រជាពលរដ្ឋ នៅតែជាការងារអាទិភាពសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺមិនចោលនូវប្រពៃណី និងទិសដៅសំខាន់បំផុត យកប្រជាជនជាធំក្នុងការបម្រើ និងការបំពេញភារកិច្ចរបស់ខ្លួនចំណុចនេះជាគោលការណ៍ដ៏សំខាន់។

ការអះអាងបែបនេះ របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានបន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីក៏មានប្រជាប្រិយភាពរបស់កម្ពុជា ក៏បានបញ្ជាក់ថា វត្តមានបណ្តាសមាជិករដ្ឋាភិបាលទាំងអស់ ក្នុងកម្មវិធីរបស់លោក គឺជាការបង្ហាញនូវសាមគ្គីភាព និងការរួមគ្នាយកចិត្តទុកដាក់លើការបម្រើប្រជាពលរដ្ឋ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការចុះជួបជាមួយប្រជាពលរដ្ឋ ជួបជាមួយកម្មករ កម្មការិនី គឺជាកិច្ចការសំខាន់ដែលត្រូវធ្វើ ការបម្រើប្រជាពលរដ្ឋ គឺជាអ្វីដែលរាជរដ្ឋាភិបាកត្រូវធ្វើ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាជាង៤០ឆ្នាំមកនេះ។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងយ៉ាងដូច្នេះថា៖ «ជួបជាមួយប្រជាពលរដ្ឋ ជួបជាមួយកម្មករ កម្មការិនី គឺជាកិច្ចការសំខាន់ដែលយើងត្រូវធ្វើ បម្រើប្រជាពលរដ្ឋ គឺជាអ្វីដែលយើងត្រូវធ្វើ ហើយការយកចិត្តទុកដាក់គ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ របស់រាជរដ្ឋាភិបាលជាពិសេសនៅក្នុងពេលជាង៤០ឆ្នាំមកនេះ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា យើងផ្តល់អាទិភាពដល់ការបម្រើប្រជាពលរដ្ឋជាធំ អ៊ឹចឹងរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលកើតចេញពីការបោះឆ្នោត ហើយជារដ្ឋាភិបាលដែលដឹកនាំបន្តរបស់គណបក្សប្រជាជនកម្ពុជា ក៏មិនចោលនូវប្រពៃណី និងទិសដៅសំខាន់បំផុត គឺយកប្រជាជនជាធំក្នុងការបម្រើ និងការបំពេញភារកិច្ចរបស់ខ្លួន ហើយនេះជាគោលការណ៍សំខាន់»

នាឱកាសនោះដែរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា គោលនយោបាយរបស់បក្សប្រជាជនកម្ពុជា មិនមែនដដែលៗទេ តែមិនបត់ឱ្យធ្លាប់ផ្លូវនោះឡើយ។ គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺគិតគ្រប់ជ្រោយទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រ់វិស័យ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដរាបណាប្រជាពលរដ្ឋនៅតែគាំទ្រគណបក្សប្រជាជនកម្ពុជា នៅតែបន្តនយោបាយបង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានបញ្ចេញសារបេះដូង ស្រឡាញ់ ពេញចិត្តចំពោះគណបក្សប្រជាជនកម្ពុជា តាមរយៈលទ្ធផលបោះឆ្នោតឆ្នាំ២០២៣ ដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា អាចបន្តដឹកនាំប្រទេសបន្តទៀត៕