សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលថ្មី មិនបានបង្កើតពន្ធថ្មី និងដំឡើងអត្រាពន្ធឡើយ ហើយរដ្ឋបានផ្តល់ការអនុគ្រោះពន្ធជាច្រើនថែមទៀត


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនីតិកាលថ្មី មិនបានបង្កើតច្បាប់ពន្ធថ្មី និងដំឡើងអត្រាពន្ធនោះទេ ខណៈរដ្ឋបានផ្តល់ការអនុគ្រោះពន្ធជាច្រើន ដើម្បីជួយដល់ប្រជាពលរដ្ឋ និងអ្នកធ្វើធុរកិច្ចនៅកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះធ្វើឡើងក្នុងឱកាសបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ទៀត ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។

សម្តេចធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ថា ទី១.គ្មានពន្ធថ្មីកើតឡើងទេ គ្មានការដាក់ពន្ធប្រភេទថ្មីទេ ទី២.ពន្ធដែលមានស្រាប់មិនមានការដំឡើង អត្រាពន្ធទេ។សូមបញ្ជាក់ឱ្យច្បាស់ អត់កៀបករបន្ថែមទៀតនោះទេ។ ទី៣. យើងនឹងដាក់ចេញនូវគោលការណ៍មួយចំនួនពាក់ព័ន្ធទៅនឹងពន្ធនៅក្នុងពេលប្រជុំវិស័យឯកជន នៅក្នុងខែ១១ ។ ប៉ុន្តែក្រៅពីពន្ធថ្មី ដែលយើងមិនចេញ មិនដំឡើងពន្ធ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ នូវការប្តេជ្ញាចិត្ត និងគោលនយោបាយរបស់គណបក្សប្រជាជន ទៅលើការមិនយកពន្ធទៅលើដីកសិកម្ម ជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋនោះទេ»។

សម្តេចបានលើកឡើងបន្តថា សូមប្រជាពលរដ្ឋ កុំជឿតាមការឃោសនារបស់បុគ្គលមួយចំនួន ដែលលើកយកពន្ធដែលអនុវត្តតាំងពីឆ្នាំ១៩៨២ មកផ្សាយបំភ្លៃដល់ជាប្រជាពលរដ្ឋ។

សម្តេចបានបន្ថែមថា ក្រៅពីមិនបង្កើតពន្ធថ្មី បច្ចុប្បន្នរាជរដ្ឋាភិបាលបានអនុគ្រោះពន្ធជាច្រើនផងដែរ ខណៈដែលប្រទេសដទៃអនុវត្តការយកពន្ធជាងមួយ១០០ប្រភេទ។

សម្តេចធិបតី បានពន្យល់ទៀតថា គ្រប់ប្រទេសទាំងអស់នៅលើពិភពលោក គ្មានប្រទេសណាមិនយកពន្ធទេ ទោះតិចឬច្រើនក៏ដោយ។ ការប្រមូលពន្ធគឺជាមធ្យោបាយ ដើម្បីប្រចែករំលែកពីអ្នកដែលមានលទ្ធភាពទៅអ្នកដែលគ្មានលទ្ធភាព។ ជាក់ស្តែងរាជរដ្ឋាភិបាលបានប្រមូលពន្ធពីអ្នកដែលមានលទ្ធភាព មកជួយប្រជាពលរដ្ឋក្រីក្រយ៉ាងច្រើន ក្នុងនោះរាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណ១២០០លានដុល្លារ ជួយដល់ប្រជាពលរដ្ឋតាមរយៈបណ្ណក្រីក្រ ដែលបានផ្តល់ប្រជាពលរដ្ឋ៧០ម៉ឺនគ្រួសារ ឬ៤.៥លាននាក់ ដែលទទួលបានផល។

យោងតាមអគ្គនាយកដ្ឋានពន្ធដារ រាជរដ្ឋាភិបាលបានផ្តល់ការការអនុគ្រោះពន្ធ ចំពោះការធ្វើអាជីវកម្មនៅកម្ពុជា រួមមាន៖

-អនុគ្រោះពន្ធចំពោះគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QIP) ជាពិសេស លើកលែងពន្ធលើប្រាក់ចំណូល សម្រាប់រយៈពេលចាប់ពី ៣ឆ្នាំ រហូតដល់ ៩ឆ្នាំ និងការលើកទឹកចិត្តឱ្យបង់ពន្ធលើប្រាក់ចំណូលតាមអត្រាកំណើន ត្រឹមកម្រិត ២៥%, ៥០%, និង ៧៥% សម្រាប់រយៈពេល ២ ឆ្នាំជាបន្តបន្ទាប់ បន្ទាប់ពីផុតរយៈពេលលើកលែងពន្ធ។
– ការអនុគ្រោះការអនុវត្តអាករលើតម្លៃបន្ថែម (VAT) សម្រាប់ឧស្សាហកម្មគាំទ្រ ឬអ្នកចុះកិច្ចសន្យាធ្វើការផ្គត់ផ្គង់ទំនិញឬសេវាដោយផ្ទាល់ សម្រាប់បម្រើឱ្យការនាំចេញរបស់ឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មវាយនភ័ណ្ឌ ឧស្សាហកម្មផលិតស្បែកជើង ឧស្សាហកម្មផលិតកាបូបយួរនិងកាបូបដៃ និងឧស្សាហកម្មផលិតមួក
– វិធានការលើកទឹកចិត្តផ្នែកពន្ធដារដល់សកម្មភាព កាត់ ដេរ និងតម្រឹម របស់គម្រោងវិនិយោគមានលក្ខណ-សម្បត្តិគ្រប់គ្រាន់ (QIP)
– ការអនុគ្រោះឱ្យព្យួរទុកជាបណ្តោះអាសន្ននូវការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលរបស់សហគ្រាសឧស្សាហកម្មផ្នែកវាយនភ័ណ្ឌកាត់ដេរ
– ការលុបចោលរបបពន្ធម៉ៅការ និងអាករលើផលរបរ ដើម្បីបញ្ចប់នូវបញ្ហាស្មុគស្មាញរបស់ប្រជាពលរដ្ឋដែលប្រកបអាជីវកម្មតូចតាចគ្រាន់តែដើម្បីចិញ្ចឹមជីវិត និងជាការលុបបំបាត់កន្លែងលាក់ខ្លួនរបស់អ្នកជាប់ពន្ធដែលត្រូវបញ្ចូលក្នុងរបបស្វ័យប្រកាស
– កំណត់បន្ថែមការផ្គត់ផ្គង់មួយចំនួនជាការផ្គត់ផ្គង់មិនជាប់អាករលើតម្លៃបន្ថែម រួមមាន សេវាសិក្សាអប់រំ, ថាមពលអគ្គិសនីនិងទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់, ផលិតផលកសិកម្មមិនទាន់កែច្នៃ និងសេវាប្រមូលសំរាម យន្តការនេះមានគោលបំណងដើម្បីលើកកម្ពស់ជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋ
– ការសម្រួលកម្រិតប្រាក់ពន្ធប៉ាតង់ដែលត្រូវបង់ដើម្បីជាការលើកទឹកចិត្តសហគ្រាសតូចៗក្នុងការប្រកបអាជីវកម្ម
– ការលុបចោលពន្ធសត្តឃាតដើម្បីជួយកាត់បន្ថយបន្ទុកចំណាយលើសាច់សត្វដែលជាអាហារមូលដ្ឋានសម្រាប់ចិញ្ចឹមជីវិត ក៏ដូចជាជួយសម្រាលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត
– ការដាក់ចេញនូវវិធានគណនេយ្យសាមញ្ញ ដើម្បីជួយសម្រួលដល់អ្នកជាប់ពន្ធតូចក្នុងកិច្ចប្រតិបត្តិការអាជីវកម្មតូចៗ ឬអាជីវកម្មដែលមានលក្ខណៈគ្រួសារ
– ការអនុគ្រោះអាករលើតម្លៃបន្ថែមចំពោះអ្នកចុះកិច្ចសន្យាផ្គត់ផ្គង់អង្ករសម្រាប់បម្រើការនាំចេញអង្ករ
– ការលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព (ផលិតផលកសិកម្ម ឬកសិ-ឧស្សាហកម្ម)
– ការលើកទឹកចិត្តពន្ធដារចំពោះការផ្គត់ផ្គង់ផលិតផលកសិកម្មមិនទាន់កែច្នៃ
– ការព្យួរប្រាក់រំដោះពន្ធលើប្រាក់ចំណូល ចំពោះវិស័យកសិកម្ម (ផលិតផលកសិកម្មដែលត្រូវទទួលបានការអនុគ្រោះរួមមាន ស្រូវ អង្ករ ពោត សណ្ដែក ម្រេច គ្រាប់ស្វាយចន្ទី ដំទ្បូងមី និងកៅស៊ូ)

– ការលើកទឹកចិត្តផ្នែកពន្ធដារចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ
– ការលើកលែងពន្ធដារសម្រាប់គ្រឹះស្ថានសិក្សា ដោយលើកលែងពន្ធលើប្រាក់ចំណូល រួមទាំងប្រាក់រំដោះពន្ធលើប្រាក់ចំណូលនិងពន្ធអប្បបរមា, អាករលើតម្លៃបន្ថែម, និងពន្ធកាត់ទុកលើសេវា ការប្រាក់ និងភាគលាភ រហូតដល់ឆ្នាំ២០២៨
– ការលើកលែងពន្ធលើអចលនទ្រព្យ ចំពោះអចលនទ្រព្យស្ថិតក្នុងភូមិសាស្រ្តមួយចំនួន
– ការលើកទឹកចិត្តចំពោះវិស័យអចលនទ្រព្យ ជាពិសេស ការលើកលែងពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ដែលមានតម្លៃក្រោម ឬស្មើ ៧ ម៉ឺនដុល្លារ និងការបង្កើនរយៈពេលបង់ពន្ធជាកញ្ចប់សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាដើម៕