កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ (APT JSO-10) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ដោយមានការចូលរួមពីសិស្សអនុវិទ្យាល័យមកពីបណ្តាប្រទេសអាស៊ាន+3 ដើម្បីសិក្សាស្វែងយល់ពីវិទ្យាសាស្ត្រ និងផ្លាស់ប្តូរវប្បធម៌ក្នុងរយៈពេលពេញ មួយសប្តាហ៍ បានបញ្ចប់ហើយ ដោយនវានុវត្តន៍ករវ័យក្មេងនៃអាស៊ានបូកបីទាំងនោះ បានរួមគ្នាបង្កើតដំណោះស្រាយប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ បានរៀបចំឡើងពីថ្ងៃទី២២-២៧ ខែកក្កដា ឆ្នាំ២០២៧ នៅក្រុងសៀមរាប ក្រោមប្រធានបទ «ការប្រជែងនឹងការប្រែប្រួលអាកាសធាតុ»។ សិស្សានុសិស្សដែលបានចូលរួមក្នុងសិក្ខាសាលានេះ បានផ្តល់បទពិសោធន៍ជាក់ស្តែង និងសហការបង្កើតគម្រោង ធ្វើពិសោធន៍វិទ្យាសាស្ត្រ និងចូលរួមកិច្ចពិភាក្សានានា ក្នុងគោលដៅលើកកម្ពស់ការយល់ដឹង និងស្វែងរកដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ក្រោយការបិទបញ្ចប់កម្មវិធី នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ ក៏មានពិធីប្រគល់រង្វាន់ ដល់សិស្សានុសិស្សក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្តម ហែម វណ្ណឌី បានអបអរសាទរដល់យុវជនទាំងអស់ចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលដ៏ល្អប្រសើររបស់ពួកគេ ក្នុងរយៈពេលប្រាំថ្ងៃកន្លងមកនេះ។
ថ្លែងទៅកាន់អ្នកចូលរួមក្នុងពិធីប្រគល់រង្វាន់ ឯកឧត្តមបានលើកឡើងថា «ក្មួយៗបានបង្ហាញមិនត្រឹមតែចំណេះដឹង និងសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្មារតីនៃការធ្វើការងារជាក្រុម និងការសហការគ្នា ដែលជាស្នូលនៃសហគមន៍អាស៊ាន+3»។
ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់លើតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ស្របតាមផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០១៥-២០២៥ សំដៅបង្កើនវឌ្ឍនភាពក្នុងតំបន់។
ការធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងរបស់កម្ពុជាជាលើកដំបូង បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញឧត្តមភាពផ្នែកវិទ្យាសាស្ត្រ និងវប្បធម៌នវានុវត្តន៍។
ឯកឧត្តម ហែម វណ្ឌី បានបន្តថា «កម្មវិធីនេះបានផ្តល់ជាវេទិកាមួយ ដើម្បីតម្រង់ទិសដល់អ្នកវិទ្យាសាស្ត្រ និងនវានុវត្តន៍ករជំនាន់ក្រោយរបស់យើង ដើម្បីឱ្យពួកគេបន្តទាញយកសក្តានុពលដែលគ្មានដែនកំណត់នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ទាំងក្នុងតំបន់ និងពិភពលោក»។ លោកបានលើកទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់បន្តអភិវឌ្ឍចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីកម្មវិធីនេះ បណ្តុះស្មារតីចង់ចេះចង់ដឹង និងប្រើប្រាស់ចំណេះដឹងថ្មីៗរបស់ពួកគេ ដើម្បីជាប្រយោជន៍ដល់មនុស្សជាច្រើនទៀត។
កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ បានបញ្ចប់ទៅដោយស្មារតីសាទរ និងក្តីសង្ឃឹម ដោយអ្នកចូលរួមវ័យក្មេងទាំងនេះបានបង្កើតចំណងមិត្តភាពយូរអង្វែង និងបង្ហាញពីឆន្ទៈចង់ក្លាយជាតួអង្គសំខាន់ក្នុងការអភិវឌ្ឍ វិទ្យាសាស្ត្រសម្រាប់តំបន់អាស៊ាន+៣៕