អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ តំណាងរាស្ត្រ ក្រុមប្រឹក្សាគណបក្សដែលត្រូវបានរំលាយហើយ ត្រូវបាត់បង់សមាជិកភាពភ្លាម មិនអាចដាក់តាំងស្លាកសញ្ញា និងមិនមានទីស្នាក់ការបន្តទៀតឡើយ


(ភ្នំពេញ)៖ ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជាក់ឱ្យដឹងថា តំណាងរាស្ត្រ ក្រុមប្រឹក្សាគណបក្សដែលត្រូវបានរំលាយហើយ ត្រូវបាត់បង់សមាជិកភាពភ្លាម មិនអាចដាក់តាំងស្លាកសញ្ញា និងមិនមានទីស្នាក់ការបន្តទៀតឡើយ។

ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា៖ សាលដីកាស្ថាពររបស់តុលាការកំពូលដែលបានប្រកាសរំលាយគណបក្ស គឺមានអានុភាពអនុវត្តភ្លាម ហេតុដូចនេះ៖

* សមាជិករដ្ឋសភា(តំណាងរាស្ត្រ) ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ឃុំ សង្កាត់នៃគណបក្សដែលត្រូវបានរំលាយ ត្រូវបាត់បង់សមាជិកភាពខ្លួនភ្លាមផងដែរ ហេតុនេះភារកិច្ច និងតួនាទីទាំងនោះ ក៏ត្រូវបញ្ចប់ភ្លាមផងដែរ។

* គណបក្សនេះគ្មានអត្ថិភាពតាមផ្លូវច្បាប់បន្តទៅទៀតនោះទេ ដូច្នេះ៖

* មិនអនុញ្ញាតឱ្យមានការតាំងបង្ហាញ ស្លាកសញ្ញា ពាក្យស្លោក ឬគោលនយោបាយគណបក្ស

* មិនអនុញ្ញាតឱ្យមានទីស្នាក់ការគណបក្ស

* គ្មាននរណាម្នាក់អាចបន្តធ្វើសកម្មភាពនយោបាយក្នុងនាមគណបក្សដែលត្រូវបានរំលាយនោះទេ ទោះធ្វើផ្ទាល់ ឬប្រយោលក៏ដោយ»។