មន្ត្រីអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសង្ស័យនឹងសមត្ថភាពយល់ដឹងច្បាប់របស់ អ្នកតំណាងរាស្ត្រ សុន ឆ័យ នៃគណបក្សសង្គ្រោះជាតិ ក្រោយសម្តីសម្ភាសន៍មួយតាមវិទ្យុក្នុងស្រុក ។
មន្ត្រីអ្នកនាំពាក្យ លោក គឹម សន្តិភាព ក្នុងហ្វេសប៊ុកនៅថ្ងៃទី៦ ខែឧសភានេះ បានសរសេរដកស្រង់ពាក្យសម្តី លោក សុន ឆ័យ ដែលបានសម្ភាសន៍តាមវិទ្យុវីអូឌី ក្នុងស្រុកដែលនិយាយថា ការមិនអនុញ្ញាតឱ្យរដ្ឋមន្ត្រីមកឆ្លើយបំភ្លឺដោយផ្ទាល់មាត់ ផ្ទុយនឹងរដ្ឋធម្មនុញ្ញ ។ កិច្ចសម្ភាសន៍នេះ គឺនៅទន្ទឹមនឹងសេចក្តីរាយការណ៍មួយនិយាយថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ១០រូប បានដាក់លិខិតមួយច្បាប់ទៅ សម្តេចនាយករដ្ឋមន្ត្រី ស្នើឱ្យចាត់តាំងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គ វង្សវឌ្ឍនា ចូលមកបំភ្លឺផ្ទាល់មាត់នៅរដ្ឋសភា ពាក់ព័ន្ធនឹងការចាប់ និងឃុំខ្លួនអ្នកតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិ… ចាប់មន្ត្រីសិទ្ធិមនុស្ស… និងករណីតុលាការកោះហៅតំណាងរាស្ត្រ ឱ្យចូលបំភ្លឺពាក់ព័ន្ធសំណុំរឿងដែលបានប្តឹងនៅតុលាការ ។
លោក សុន ឆៃ ត្រូវបានគេដកស្រង់ពាក្យសម្តីដែលនិយាយថា ការមិនអនុញ្ញាតឱ្យរដ្ឋមន្ត្រីមកឆ្លើយបំភ្លឺដោយផ្ទាល់មាត់ គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញ ។ មន្ត្រីអ្នកនាំពាក្យក្រសួងយុត្តិធម៌បានដាក់សំណួរតបទៅវិញថា តើវាជាការផ្សាយខុសរបស់វីអូឌី ឬក៏ជាការយល់ច្បាប់ខុសរបស់ លោក សុន ឆ័យ? មន្ត្រីអ្នកនាំពាក្យលោកកឹមសន្តិភាព បានថ្លែងថា ច្បាប់មាត្រា៩៦ នៃរដ្ឋធម្មនុញ្ញ បានកំណត់ថា ចម្លើយរបស់រដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រី អាចធ្វើដោយផ្ទាល់មាត់ ឬសរសេរជាលាយលក្ខណ៍អក្សរ ។
មន្ត្រីអ្នកនាំពាក្យបានដាក់សំណួរបកទៅវិញថា ចុះហេតុអ្វីបានជាអ្នកតំណាងរាស្ត្រ សុន ឆ័យ និយាយថាបើរដ្ឋមន្ត្រីមិនមកឆ្លើយផ្ទាល់មាត់ គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញ? មន្ត្រីអ្នកនាំពាក្យដដែលបានស្នើថា បើសិនជាសារព័ត៌មានផ្សាយខុស ត្រូវកែតម្រូវឡើងវិញ… ចុះបើ លោក សុន ឆ័យ តំណាងរាស្ត្រយល់ខុសលើទិដ្ឋភាពច្បាប់ តើហ៊ានទទួលស្គាល់ និងកែតម្រូវវិញដែរឬទេ?
ក្នុងហ្វេសប៊ុកដដែលរបស់លោកដែរ មន្ត្រីក្រសួងយុត្តិធម៌បានសរសេរថា ទាក់ទងនឹងសំណើដែលនិយាយថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ១០រូប បានដាក់លិខិតមួយច្បាប់ទៅសម្តេចនាយករដ្ឋមន្ត្រី ស្នើឱ្យចាត់តាំងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គ វង្សវឌ្ឍនា ចូលមកបំភ្លឺផ្ទាល់មាត់នៅរដ្ឋសភានោះ លោកបានបញ្ជាក់ថា ក្រសួងយុត្តិធម៌ពុំទាន់ឃើញលិខិតផ្លូវការទាក់ ទងនឹងសំណើររបស់ក្រុមតំណាងរាស្ត្របក្សសង្គ្រោះជាតិ នេះទេ ។