ឯកឧត្តម សុខ ឥសាន តាមរយៈបណ្តាញ ទំនាក់ទំនង Telegram បានអះអាងថា មហិច្ឆតាចង់ផ្លាស់ប្តូរ របស់ពួកប្រឆាំង នៅតែត្រូវបរាជ័យ


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន តាមរយៈបណ្តាញ ទំនាក់ទំនង Telegram នៅរសៀលថ្ងៃទី២៧ មករា ឆ្នាំ២០១៨នេះ បានអះអាងថា មហិច្ឆតាចង់ផ្លាស់ប្តូរ របស់ពួកប្រឆាំង នៅតែត្រូវបរាជ័យ។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា “ជាទិសស្លោក របស់ពួកប្រឆាំង ដែលទន្ទិញ ចាំមាត់គឺ ឆ្ពោះទៅរកការផ្លាស់ប្តូរ ជាវិជ្ជមាន ។ ការចង់ផ្លាស់ប្តូរជាវិជ្ជមាននេះ បានហុចលទ្ធផលឲ្យពួកប្រឆាំង ដូចប្រាថ្នាមែន។ ផ្លាស់ប្តូរជាវិជ្ជមាន ពីសម រង្សីនៅក្នុងស្រុកទៅនីរ ទេសខ្លួននៅក្រៅប្រទេស ។ ផ្លាស់ប្តូរជាវិជ្ជមាន ពីសម រង្សី ជាពលរដ្ឋធម្មតា ទៅជាទណ្ឌិត សម រង្សី ។ ផ្លាស់ប្តូរជាវិជ្ជមានពីសម រង្សីប្រធានបក្សប្រឆាំង មកជាអត់ទាំងសមាជិកបក្សផង”។

បើតាម ឯកឧត្តម សុខ ឥសាន “ផ្លាស់ប្តូរជាវិជ្ជមាន ពីបក្សប្រឆាំង មកជាអតីតៈបក្សប្រឆាំងត្រូវរលាយទាំងស្រុង ។ ផ្លាស់ប្តូរជាវិជ្ជមាន ពីក្រុមមេដឹកនាំ អតីតៈបក្សប្រឆាំង ចំនួន១១៨នាក់ ទៅជាត្រូវផ្អាកសិទ្ធិធ្វើ នយោបាយរយៈពេល៥ឆ្នាំ ។ ផ្លាស់ប្តូរជាវិជ្ជមានពី កឹម សុខា ជាប្រធានបក្ស ទៅជាជនជាប់ចោទ ពីបទក្បត់ជាតិតាមមាត្រា ៤៤៣ នៃក្រមព្រហ្មទ័ណ្ឌ ។ ផ្លាស់ប្តូរជាវិជ្ជមានពីបក្សសាង្គ្រោះជាតិ ដែលបានត្រូវរំលាយទៅជាចលនា ឧទ្ទាមក្រៅច្បាប់ ដើរពនេចរនៅបរទេស ។ ផ្លាស់ប្តូរជាវិជ្ជមានពីមានសិទ្ធិប្រកួតប្រជែង ក្នុងការបោះឆ្នោត ទៅជាអត់មានមុខ ចូលប្រកួតប្រជែងបោះឆ្នោត។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា នៅទីបំផុតផ្លាស់ប្តូរជាវិជ្ជមាន ពីនៅរស់មកងាប់តៃស្មឹង ទៅហោង ឯវំ ជាស្ថាពរ ដោយសារអំពើប្រព្រឹត្តសន្និដ្ឋិភាពជាមួយ បរទេសដែលជាទោស ក្បត់ជាតិ ចារិកទុកក្នុងប្រវត្តិសាស្ត្រ កម្ពុជាតទៅ ។ ទាំងអស់ខាងលេីនេះ គឺជាលទ្ធផលនៃការចង់ផ្លាស់ប្តូរ គណបក្សប្រជាជនកម្ពុជា ជាវិជ្ជមាន តែបែរជាទទួលផលខ្លួនឯង ទៅជាផ្លាស់ប្តូរជាវិជ្ជមានខ្លួន ឯងតែម្តង ដោយសារនយោបាយ ផ្លាស់ប្តូរជាវិជ្ជមាន៕