ក្រសួងពាណិជ្ជកម្មចាប់ផ្ដើមដំណើរការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក


(ភំ្នពេញ)៖ នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំ ពិនិត្យ និងផ្ដល់សុពលភាពលើឯកសារទស្សនទានយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងស្ថាប័ន​សាធារណៈ វិស័យឯកជន អង្គការ និងដៃគូអភិវឌ្ឍន៍ ប្រមាណជា ៨០នាក់។

ជាកិច្ចចាប់ផ្ដើមលោកជំទាវ តឹករ៉េត កំរង មានប្រសាសន៍ថា ការវិវឌ្ឍន៍ដ៏លឿននៃបច្ចេកវិទ្យា និងនវានុវត្ដន៍ឌីជីថល បានបង្កើតឡើងនូវកាលានុវត្តភាព ក៏ដូចជាការប្រឈមជាច្រើន ដែលទាម​ទារ​ឲ្យមានការគិតគូច្បាស់លាស់ លើការប្រព្រឹត្តទៅនៃការងារនានា ដែលពឹងផ្អែកបច្ចេកវិទ្យាជាមធ្យោបាយ ហើយការងារទាំងនេះ ត្រូវបានរំលេចយ៉ាងច្បាស់លាស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ត្រង់មុំទី៣ ដែលតម្រូវឲ្យមានការពិនិត្យ និងត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤។

លោកជំទាវបន្តទៀតថា ជាកិច្ចឆ្លើយតប និងចូលរួមវិភាគទានទៅលើការសម្រេចបាននូវគោលដៅអាទិភាពទាំងនោះ ក្រសួងពាណិជ្ជកម្មបានសម្រេចចិត្តធ្វើការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជាផែនទីបង្ហាញផ្លូវមួយច្បាស់លាស់ដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។ ការរៀបចំយុទ្ធសាស្ត្រនេះដែរ ក៏ជាតម្រូវការដ៏សំខាន់ និងឆ្លើយតបទៅនឹងអនុសាសន៍មួយចំនួនទៀត នៅក្នុងឯកសារ និងយុទ្ធសាស្ត្រផ្សេងៗ ដូចជា ឯកសារ Cambodia eTrade Readiness Assessment ដែលបានរៀបចំឡើងដោយអង្គការ UNCTAD នៅឆ្នាំ២០១៧ និងថ្មីៗនេះ នៅក្នុងយុទ្ធសាស្ត្រ​សមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ជាពិសេសជំពូកទី១១ ស្ដីពីពាណិជ្ជកម្មអេឡិចត្រូនិក និងជំពូកទី១២ ស្ដីពីសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤។ លើសពីនោះទៀត យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន ដែលត្រូវការឯកសារមួយសម្រាប់បញ្ជាក់ជូនអំពីចក្ខុវិស័យ និងគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យនេះ ដែលវិស័យឯកជនជាចលករមួយយ៉ាងសំខាន់ សំដៅជំរុញដល់ការប្រព្រឹត្តទៅនៃការធ្វើពាណិជ្ជកម្មតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។

លោកជំទាវបានបន្ថែមថា ការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅវេលានេះ ជាការមួយដ៏ត្រឹមត្រូវ គាប់ជួនជាមួយនឹងការជិតសម្រេចបាននូវច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ហើយសេចក្ដីព្រាងច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានឆ្លងផុតកិច្ចប្រជុំជាមួយគណៈកម្មការជំនាញនៃរដ្ឋសភារួចហើយ នឹងត្រូវបញ្ជូនបន្តដើម្បីស្នើសុំការអនុម័តដោយរដ្ឋសភាក្នុងពេលដ៏ខ្លីខាងមុខនេះ។